អាជ្ញាធរខេត្តខ្លះបានត្រៀមគ្រាប់ពូជចែកជូនពលរដ្ឋឲ្យបង្កបង្កើនផលឡើងវិញបន្ទាប់ពីទឹកជំនន់
អាជ្ញាធរខេត្តមួយចំនួនបានត្រៀមគ្រាប់ពូជទុកសម្រាប់ចែកជូនប្រជាពលរដ្ឋរបស់ខ្លួនឲ្យបង្កបង្កើនផលឡើងវិញ ក្រោយពីដំណាំកសិកម្មរបស់ប្រជាកសិករ ជាពិសេសដំណាំស្រូវបានទទួលរងការខូចខាតដោយសារទឹកជំនន់។
លោក ម៉ែន គុង អភិបាលរងខេត្តស្ទឹងត្រែង បានប្រាប់បណ្ដាញព័ត៌មាន AMS ថាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប្រចាំខេត្តស្ទឹងត្រែង បានត្រៀមពូជស្រូវ និងពូជដំណាំ ព្រមទាំងដំណាំរួមផ្សំមួយចំនួនប្រមាណ ៥តោន ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទឹកជំនន់ឲ្យបង្កបង្កើនផលឡើងវិញ។
ចំណែកអាជ្ញាធរខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កំពុងរង់ចាំការវាយតម្លៃផលប៉ះពាល់ជាមុនសិន ទើបត្រៀមគ្រាប់ពូជចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់។
លោក សេង ជ័យវុធ នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងផងដែរថា គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តត្បូងឃ្មុំមានសរុបចំនួន ១ ៤០០គ្រួសារ ប៉ះពាល់ដំណាំស្រូវ និងដំណាំផ្សេងៗចំនួន ១ ៩២៣ហិកតា ក្នុងនោះខូចខាតចំនួន ១ ១០០ហិកតា។
យោងតាមរបាយការណ៍អំពីស្ថានភាពទឹកជំនន់ ខេត្តចំនួន ៤ របស់កម្ពុជាទទួលរងទឹកជំនន់ គឺខេត្តក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងកំពង់ចាម ដោយប៉ះពាល់ពលរដ្ឋជាង ២ម៉ឺនគ្រួសារ ក្នុងនោះជម្លៀសទៅទួលសុវត្ថិភាពប្រមាណ ២ ពាន់គ្រួសារ។ ផ្ទះជាង ១ម៉ឺន៤ពាន់ខ្នង និងស្រូវជាង ៥ពាន់ហិកតា បានលិចលង់។ ខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្តក្រចេះ និងត្បូងឃ្មុំ៕
សេង បារាំង AMS



