ពុំមានពលរដ្ឋខ្មែររងគ្រោះក្នុងទឹកជំនន់ និងការបាក់ដីដ៏រន្ធត់នៅនេប៉ាល់ឡើយ
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្នុងហេតុការណ៍គ្រោះទឹកជំនន់ និងការបាក់ដីដ៏គំហុក នៅព្រំដែនចិន-នេប៉ាល់ កាលពីថ្ងៃពុធ ទី២៦ខែសីហា ពុំមានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះឡើយ។
ឯកឧត្តម ចាន់ រតនា បានប្រាប់ថា យោងតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌា ជនជាតិណេប៉ាល់ និងជនបរទេសយ៉ាងហោចណាស់ជាង៦០០នាក់ មកពី៣៣ប្រទេស បានបាត់ខ្លួននៅក្នុងហេតុការណ៍គ្រោះធម្មជាតិដ៏សាហាវនេះ ប៉ុន្តែពុំមានពលរដ្ឋខ្មែរណាម្នាក់នៅក្នុងតារាងនៃអ្នកបាត់ខ្លួនឡើយ។ ទោះបីយ៉ាងណា នេះគឺគ្រាន់តែជាតួលេខបឋមបណ្តោះអាសន្នប៉ុណ្ណោះ។
បើតាមឯកឧត្តម ចាន់ រតនា គ្មានពលរដ្ឋខ្មែរ ឬភ្ញៀវទេសចរខ្មែរ រស់នៅ និងទៅកម្សាន្តនៅប្រទេសនេប៉ាល់ឡើយគិតមកដល់ពេលនេះ។
តួលេខថ្មីបណ្តោះអាសន្នបង្ហាញថា ទឹកជំនន់ និងការបាក់ដី នៅព្រំដែនចិន-នេប៉ាល់ បានបណ្តាលឱ្យមនុស្សចំនួន១៦៥នាក់បានស្លាប់ និងមនុស្សជាង១ ៥០០នាក់ បាត់ខ្លួន ដោយអាជ្ញាធរនេប៉ាល់ និងចិនកំពុងយកចិត្តទុកដាក់ស្វែងរកអ្នកនៅរស់រានមានជីវិត ស្រមពេលដែលមានហានិភ័យនៃទឹកជំនន់លើកទីពីរ។
អ្នកបាត់ខ្លួនជាច្រើន គឺជាអ្នកទេសចរបរទេសមកពីជាង៣០ប្រទេស រួមមានឥណ្ឌា អូស្ត្រាលី អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ក្នុងចំណោមអ្នកបាត់ខ្លួនជាជនជាតិបរទេស គឺជនជាតិឥណ្ឌាមានច្រើនជាងគេ គឺ ចំនួន១៧៨នាក់។
ការស្ទង់មតិភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីការបាក់ផ្ទាំងទឹកកក ដែលបានបង្កឱ្យមានលំហូរភក់ និងកម្ទេចកម្ទីយ៉ាងធ្ងន់ធ្ងរ៕
សៅ សុខអេង
