អាមេរិក ថា ដ្រូនអត្តឃាត រុស្ស៊ី កាន់តែសាហាវ និងពិបាកស្ទាក់ចាប់ ព្រោះមានជំនួយពី ចិន
វ៉ាស៊ីនតោន ៖ កាសែត The Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា យន្តហោះដ្រូនអត្តឃាត Shahed របស់រុស្ស៊ី បានបង្កើនសមត្ថភាពវាយប្រហារ ដែលអាចហោះជ្រែកមេឃលឿនជាងមុន ជាពិសេសគឺរឹតតែពិបាកស្ទាក់ចាប់កម្ទេចតែម្ដង ។
កាសែតរបស់អាមេរិកមួយនេះផ្សាយថា មូលហេតុដែលដ្រូនអត្តឃាតរុស្ស៊ីខ្លាំងជាងមុនបែបនេះ ក៏ព្រោះតែមហាយក្សចិនកំពុងនៅពីក្រោយការជួយផ្គត់ផ្គង់សមាសធាតុបង្គុំសំខាន់ៗ ជាពិសេសម៉ាស៊ីន Turbojet តែម្ដង ។
បើតាម Kyiv post, ភស្តុតាងជាក់ស្តែងត្រូវបានលាតត្រដាងកាលពីដើមខែកក្កដា នៅពេលដែលរុស្ស៊ីបានប្រើប្រាស់យន្តហោះដ្រូនអត្តឃាត Shahed ដែលបំពាក់ម៉ាស៊ីន Turbojet វាយប្រហារឈុតធំលើទីក្រុងកៀវ ។
ដ្រូនថ្មីរបស់រុស្ស៊ីទាំងនោះ ត្រូវបានរាយការណ៍ថា អាចហោះជ្រែកមេឃក្នុងល្បឿនពី ៤០០ ទៅ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង ពោលលឿនជាងយន្តហោះដ្រូនពីមុនដល់ទៅ ៣ដង ដែលមានល្បឿនត្រឹមតែ ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។
ល្បឿនដ៏លឿននេះ ធ្វើឱ្យយន្តហោះដ្រូនស្ទាប់ចាប់ និងក្រុមបាញ់កាំភ្លើងចល័តរបស់អ៊ុយក្រែនមិនអាចដេញទាន់នោះឡើយ ។ ដើម្បីដោះស្រាយបញ្ហានេះ អ៊ុយក្រែនត្រូវបង្ខំចិត្តប្រើប្រាស់យន្តហោះចម្បាំង ឬមីស៊ីលសំណាញ់មេឃថ្លៃៗ និងមានចំនួនកំណត់ដើម្បីបាញ់ទម្លាក់ពួកវា ។
មន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះដ្រូន Shahed របស់រុស្ស៊ីទាំងនេះ ប្រើប្រាស់ម៉ាស៊ីន micro-turbojet ផលិតដោយក្រុមហ៊ុនចិន Telefly ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ។
យ៉ាងណា ប្រទេសចិនតែងតែចេញមុខបដិសេធការផ្តល់អាវុធ ឬគ្រឿងបំណែកយោធាទៅឱ្យរុស្ស៊ីប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន ដោយអះអាងថា ខ្លួនរក្សាជំហរអព្យាក្រឹត និងគ្រប់គ្រងការនាំចេញទំនិញប្រើប្រាស់បានពីរផ្លូវ ទាំងស៊ីវិល និងយោធាយ៉ាងតឹងរ៉ឹង ៕
ប្រភព ៖ Kyiv post ប្រែសម្រួល ៖ ឈឹម ទីណា
