កម្ពុជានិងប្រទេសក្នុងតំបន់ចាប់ផ្តើមជំរុញទេសចរណ៍ “MICE” ដោយផ្តោតលើជំនួបការងារ ភ្ជាប់ជាមួយដំណើរកម្សាន្ត
ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាទេសចរណ៍ថ្នាក់ខ្ពស់ស្តីពីទេសចរណ៍ MICE ដែលរៀបចំឡើងក្នុងក្របខណ្ឌពិព័រណ៍ទេសចរណ៍អន្តរជាតិ ឆ្នាំ 2026 នៅទីក្រុងហូជីមិញ កាលថ្ងៃទី២៧ ខែ សីហា។
ទេសចរណ៍ MICE (Meetings, Incentives, Conferences, and Exhibitions tourism) គឺជាការធ្វើដំណើររបស់មនុស្ស ឬបុគ្គលិកអង្គការ/ក្រុមហ៊ុន ទៅកាន់ទីកន្លែងណាមួយ ដើម្បីចូលរួមកិច្ចប្រជុំ សន្និសីទ ព្រឹត្តិការណ៍លើកទឹកចិត្ត ឬពិព័រណ៍ ហើយភ្ជាប់ជាមួយសកម្មភាពទេសចរណ៍ផ្សេងៗ។
បើតាមឯកឧត្តម ហួត ហាក់ ទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ឯកឧត្តមយល់ឃើញថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់ចំនួន៣ រួមមាន ការច្នៃប្រឌិត និរន្តរភាព និងការតភ្ជាប់ ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីសក្តានុពលនៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ (Multi-destination Tourism) រវាងកម្ពុជា វៀតណាម និងបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយលើកទឹកចិត្តឱ្យប្រទេសជិតខាងមើលគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ដែលបំពេញបន្ថែមគ្នា ជាជាងជាគូប្រកួតប្រជែង។ ជាក់ស្តែងជាឧទាហរណ៍ កិច្ចប្រជុំ ឬ សន្និសីទនៅទីក្រុងហូជីមិញ អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ចលើកទឹកចិត្តទៅកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍កាន់តែសម្បូរបែបដល់ភ្ញៀវអន្តរជាតិ និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។
លើសពីនេះដែរ ឯកឧត្តម ហួត ហាក់ បានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ ដោយរាជធានីភ្នំពេញកំពុងអភិវឌ្ឍជាគោលដៅសម្រាប់កិច្ចប្រជុំរដ្ឋាភិបាល និងធុរកិច្ចអន្តរជាតិ ខណៈខេត្តសៀមរាប តំបន់ឆ្នេរ តំបន់ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ មានសក្តានុពលខ្ពស់សម្រាប់កម្មវិធីលើកទឹកចិត្ត និងដំណើរទស្សនកិច្ចមុន និងក្រោយសន្និសីទ។
ឆ្លើយតបនឹងនិន្នាការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការតភ្ជាប់ ធនធានមនុស្ស និងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ ដៃគូទេសចរណ៍ វិស័យឯកជន និងអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់ទេសចរណ៍ MICE រួមគ្នា ការអនុវត្តស្តង់ដារទេសចរណ៍បៃតង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ MICE ក្នុងតំបន់កាន់តែមានភាពប្រកួតប្រជែង ភាពធន់ និងរីកចម្រើនរួមគ្នាប្រកបដោយនិរន្តរភាព៕











ដោយ ជាវ ចន្ធូ