មេធំ CIA អាមេរិក ស្នើរៀបចំជំនួបកំពូលរវាងលោក Trump-Putin-Zelensky អំឡុងទៅទស្សនកិច្ច រុស្ស៊ី
វ៉ាស៊ីនតោន ៖ សារព័ត៌មានអាមេរិក Axios រាយការណ៍ថា លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក (CIA) បានស្នើរៀបចំជំនួបកំពូលរវាងលោក Donald Trump, លោក Vladimir Putin និងលោក Volodymyr Zelensky ក្នុងអំឡុងពេលលោកទៅទស្សនកិច្ចដោយសម្ងាត់នៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ។
គំនិតរៀបចំជំនួបរវាងមេដឹកនាំទាំងបី ក៏ធ្លាប់ត្រូវបានរដ្ឋបាលលោកប្រធានាធិបតី Trump លើកឡើងកាលពីពេលមុន ខណៈលោកប្រធានាធិបតី Zelensky វិញ ក៏បានបង្ហាញការគាំទ្រចំពោះគំនិតនេះផងដែរ លើកលែងតែលោកប្រធានាធិបតី Putin ដែលបានបដិសេធមិនទទួលយកសំណើនេះ ។
បើតាម Anadolu, ទស្សនកិច្ចរបស់មេធំ CIA របស់អាមេរិក ក៏មានគោលបំណងស្វែងយល់ថាតើមេដឹកនាំស្ថាប័នសន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី អាចជួយជំរុញលោកប្រធានាធិបតី Putin ឱ្យត្រឡប់មកកាន់តុចរចាជាមួយអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិកបានឬយ៉ាងណា ។
ប្រភពទម្លាយឱ្យដឹងថា លោក Kyrylo Budanov ប្រធានខុទ្ទកាល័យរបស់លោកប្រធានាធិបតី Zelensky បានអះអាងថ្មីៗនេះថា ការចរចារវាងរុស្ស៊ី-អ៊ុយក្រែន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក អាចនឹងចាប់ផ្តើមឡើងវិញនៅក្នុងខែកញ្ញាខាងមុខនេះ ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

