តុលាការនឹងប្រកាសសាលក្រមស្ត្រីវៀតណាមម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀន ជិត២គីឡូក្រាមពីកម្ពុជាទៅអូស្ត្រាលី នៅចុងខែនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ លោក ឃុន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងស្ត្រីជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនជិត២គីឡូក្រោមពីកម្ពុជាទៅអូស្ត្រាលី។ លោក ហ៊ឹង ប៊ុនថន តំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ឈ្មោះ Tran ve thy អាយុ៣៨ឆ្នាំ ដើមកំណើតជាវៀយណាមចូលសញ្ជាតិអូស្ត្រាលី ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០នៃការត្រួតពិនិត្យគ្រឿងញៀន។

សូមរំលឹកថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនស្ត្រីវៀតណាមម្នាក់ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជាមួយនឹងថ្នាំញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់១៧៥៥ ក្រាម ត្រូវបានគេរកឃើញនៅក្នុងគែមវ៉ាលិសពណ៌ក្រហមមួយរបស់ជនសង្ស័យ។ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ តុលាការក្រុងភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារ រហូតដល់ថ្ងៃនេះទើបយកមកាត់ទោស។

ក្នុងសវនាការជនជាប់ចោទបានសារភាពថា ពេលនៅប្រទេសអូស្ត្រាលី នាងបានចូលលេងល្បែងនៅកាស៊ីណូ ចាញ់អស់ប្រាក់ចំនួន៥០០០ដុល្លារ ដែលប្រាក់នោះនាងបានខ្ចីពីឈ្មោះ ចាង បន្ទាប់មកឈ្មោះ ចាង បានទារប្រាក់ជំពាក់នោះ ហើយពេលនាងអត់មានប្រាក់សង ឈ្មោះ ចាង ក៏បានគំរាមឱ្យនាងមកយកអីវ៉ាន់មួយកញ្ចប់នៅកម្ពុជា ជាថ្នូរសងបំណុល ហើយបើយកទៅដល់អូស្ត្រាលី គេនឹងឲ្យប្រាក់នាង១ម៉ឺនដុល្លារ ប៉ុន្តែបើនាងមិនព្រមមកយក គេនឹងចាប់យកកូននាងទាំង២ចេញពីសាលា ។ ដោយគ្មានជម្រើស នាងក៏មកកម្ពុជាចូលទៅកាស៊ីណូណាហ្គា ជួបនឹងបុរសវៀតណាម២នាក់ យកវ៉ាលិសក្រហមមួយមកឲ្យនាងយកទៅសណ្ឋាគារដាយមិនផាលេស លុះដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នាងក៏ចេញដំណើរមកអូស្ត្រាលីវិញក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្ដង។

សូមបញ្ជាក់ថា សំណុំរឿងនេះ ត្រូវបានប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ លើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner