ក្រសួងព័ត៌មាន ប្តេជ្ញាការពារអ្នកសារព័ត៌មានដែលបំពេញភារកិច្ចត្រឹមត្រូវតាមវិជ្ជាជីវៈ និងក្រមសីលធម៌
ភ្នំពេញ៖អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ក្រសួងព័ត៌មាន ការពារអ្នកសារព័ត៌មានដែលប្រកបការងារតាមវិជ្ជាជីវៈត្រឹមត្រូវ និងបំពេញភារកិច្ចដោយផ្លូវច្បាប់ និងក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងចូលរួមលើកកម្ពស់ការគោរពច្បាប់ និងតម្លៃអ្នកសារព័ត៌មាននិងការពារវិជ្ជាជីវៈពិតប្រាកដនៅកម្ពុជា។
តាមរយៈសារអេឡិចត្រូនិក ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន នៅថ្ងៃទី១ ខែកញ្ញាឆ្នាំ២០២៦ នេះបានឱ្យដឹងថា ក្នុងបេសកកម្មអាទិភាពមួយរបស់ក្រសួងព័ត៌មានក្នុងវិស័យសារព័ត៌មាន ក្រសួងបានផ្តល់អន្តរាគមន៍ដើម្បីផ្សះផ្សាវិវាទ និងបញ្ហាដែលអ្នកកាសែតបានជួបប្រទះ។
អ្នកនាំពាក្យដដែលបានបង្ហាញទិន្នន័យនៃការចូលរួមរបស់ក្រសួង ពោលគិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ខែសីហា២០២៦ ការផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ បានជោគជ័យចំនួន ៤៩ លើក លើបណ្តឹងមកលើអ្នកសារព័ត៌មានចំនួន ៥៨ បណ្តឹង ដែលបានការពារអ្នកសារព័ត៌មានចំនួន ៦៩ នាក់ ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ឱ្យចៀសផុតពីការចោទប្រកាន់ផ្លូវតុលាការ។
ចំពោះករណីបណ្តឹងដែលនៅសេសសល់ផ្សេងទៀត ក្រុមការងារជំនាញរបស់ក្រសួងព័ត៌មាន កំពុងបន្តពិនិត្យ និងឈានទៅអន្តរាគមន៍ ដើម្បីផ្សះផ្សាវិវាទទាំងនោះ, ខណៈក្រសួងបានចាត់វិធានការការអប់រំ និងតម្រង់ទិសលើការផ្សាយ ដោយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម តាមរយៈការតម្រង់ទិស និងពង្រឹងក្រមសីលធម៌ លើប្រមាណ២០ ករណីផ្សេងទៀត។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ទៀតថា បន្ថែមលើកិច្ចសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ក្រសួងព័ត៌មានបានចាត់មេធាវី ដើម្បីផ្តល់ការការពារក្នុងនីតិវិធីតុលាការចាប់ពីឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ ដោយសម្រេចបានជោគជ័យចំនួន ៧ ករណី ក្នុងការការពារសិទ្ធិ និងតំណាងខាងផ្លូវច្បាប់ឱ្យអ្នកសារព័ត៌មានសរុប ១៤ នាក់។ ក្រៅពីនេះ ក្រសួងនៅបន្តអន្តរាគមន៍លើករណីមួយចំនួនទៀតទាំងក្នុងនិងក្រៅតុលាការ ព្រមទាំងបានផ្តល់ប្រឹក្សាផ្នែកច្បាប់ជូនដល់អ្នកសារព័ត៌មានមកពី ៣៣អង្គភាពសារព័ត៌មាន ផ្សេងទៀតផងដែរ។
ជាមួយគ្នានេះ ក្រសួងព័ត៌មាន ស្វាគមន៍រាល់ការស្រាវជ្រាវ និងការចងក្រងរបាយការណ៍ប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងលក្ខណៈវិទ្យាសាស្ត្រពីសំណាក់អង្គភាព ឬសមាគមនានា។ ទន្ទឹមនេះ ក្រសួងរំលឹកដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវមានការទទួលខុសត្រូវខ្ពស់លើរបាយការណ៍របស់ខ្លួន វៀរលែងតែការចេញផ្សាយណាដែលខ្វះស្តង់ដារ ខ្វះការផ្ទៀងផ្ទាត់ និងខ្វះតុល្យភាព ដែលអាចបង្កើតឱ្យមានការយល់ច្រឡំក្នុងសង្គម និងប៉ះពាល់ដល់វិស័យទាំងមូល។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួង
ព័ត៌មាន៕

ដោយ៖ង៉ាន ទិត្យ