ប្រយ័ត្ន ! មេរោគ SparkRAT អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យពីចម្ងាយដោយជនរងគ្រោះមិនដឹងខ្លួន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសារព្រមានពីការគំរាមកំហែងរបស់មេរោគ SparkRAT ដែល អាចធ្វើឲ្យឧក្រឹដ្ឋជនទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ពីចម្ងាយបានដោយមិនដឹងខ្លួន ប្រសិនបើលោកអ្នកចុចលើ Link សង្ស័យ ដែលទទួលបានតាម Telegram ឬបណ្ដាញទំនាក់ទំនងផ្សេងៗទៀត។

ការចុចលើ Link ដែលមានបង្កប់មេរោគ អាចធ្វើឲ្យឧក្រិដ្ឋជនដឹង និងតាមដានរាល់ព័ត៌មានទាំងឡាយ ដែលមាននៅលើកុំព្យូទ័ររបស់លោកអ្នកបាន។ ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រព័ន្ធឌីជីថល ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកុំព្យូទ័រ SparkRAT ដែលអាចបង្កហានិភ័យដល់ទិន្នន័យ និងសុវត្ថិភាពឧបករណ៍របស់អ្នកប្រើប្រាស់។

តាមការព្រមានរបស់ក្រសួង មេរោគនេះអាចត្រូវបានបង្កប់នៅក្នុងឯកសារ កម្មវិធីក្លែងក្លាយ ឬតំណភ្ជាប់គួរឱ្យសង្ស័យ ដែលត្រូវបានចែកចាយតាមរយៈ Telegram និងបណ្ដាញទំនាក់ទំនងផ្សេងៗ។ នៅពេលអ្នកប្រើប្រាស់ទាញយក និងបើកឯកសារ ឬកម្មវិធីដែលមានមេរោគ ជនខិលខូចអាចទទួលបានសិទ្ធិគ្រប់គ្រងឧបករណ៍របស់លោកអ្នកពីចម្ងាយ និងធ្វើសកម្មភាព ដែលប៉ះពាល់ដល់សុវត្ថិភាពព័ត៌មាន។

ក្រសួងបានបញ្ជាក់ថា SparkRAT អាចត្រូវបានប្រើប្រាស់ដើម្បីលួចយកទិន្នន័យ និងព័ត៌មានសំខាន់ៗ ថតអេក្រង់ តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ គ្រប់គ្រងឯកសារ និងកុំព្យូទ័រពីចម្ងាយ ព្រមទាំងអាចដំណើរការបញ្ជា ឬដំឡើងមេរោគផ្សេងទៀត។ មេរោគនេះក៏អាចព្យាយាមបិទ ឬរំខានដល់កម្មវិធីការពារមេរោគនៅលើឧបករណ៍ផងដែរ។

ដើម្បីកាត់បន្ថយហានិភ័យ ក្រសួងណែនាំឱ្យអ្នកប្រើប្រាស់កុំចុចលើតំណភ្ជាប់ ឬបើកឯកសារដែលមកពីប្រភពមិនស្គាល់ ហើយគួរផ្ទៀងផ្ទាត់ជាមួយអ្នកផ្ញើជាមុន មុនពេលទាញយក ឬបើកឯកសារ។ ជាពិសេស អ្នកប្រើប្រាស់គួរប្រុងប្រយ័ត្នចំពោះឯកសារដែលមានកន្ទុយ .exe, .msi, .bat, .vbs, .ps1, .scr, .zip, .rar, .7z និង .z។ ទន្ទឹមនឹងនេះ គួររក្សាកម្មវិធីការពារមេរោគឱ្យដំណើរការ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីនានាជាប្រចាំ។

ក្រសួងក៏បានបញ្ជាក់ថា ឯកសារ .zip, .rar, .7z និង .z មិនមែនសុទ្ធតែជាមេរោគនោះទេ ប៉ុន្តែឯកសារប្រភេទនេះអាចត្រូវបានប្រើប្រាស់ដោយជនខិលខូច ដើម្បីបង្កប់ ឬចែកចាយមេរោគ។ ដូច្នេះ អ្នកប្រើប្រាស់គួរផ្ទៀងផ្ទាត់ប្រភព និងពិនិត្យឯកសារខាងក្នុងឱ្យបានច្បាស់ មុនពេលបើក ឬដំណើរការ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវឱ្យសាធារណជនបង្កើនការយល់ដឹង និងអនុវត្តវិធានការសុវត្ថិភាពឌីជីថល ដើម្បីការពារទិន្នន័យផ្ទាល់ខ្លួន និងឧបករណ៍ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។

សូមបញ្ជាក់ថា កម្មវិធី SparkRAT ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ហើយក្រោយមកត្រូវបានក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតយកទៅប្រើប្រាស់ជាមេរោគ ដើម្បីចូលគ្រប់គ្រងកុំព្យូទ័ររបស់ជនរងគ្រោះពីចម្ងាយ លួចទិន្នន័យ តាមដានសកម្មភាព និងអនុវត្តសកម្មភាពខុសច្បាប់ផ្សេងៗ៕

ads banner