លោក Netanyahu ចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់
ហ្គាហ្សា ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃពុធ បានចុះទៅពិនិត្យតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីនដោយផ្ទាល់ ស្របពេលដែលលោកអះអាងថា ត្រូវមានការងារដែលត្រូវធ្វើឲ្យរួចរាល់។
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានថ្លែងថា «នៅមានការងារត្រូវធ្វើឱ្យរួចរាល់» អំឡុងពេលចុះទៅជួបកងទ័ព នៅតំបន់ Gaza Strip ដោយលោកបានប្តេជ្ញាថា នឹងមិនដកកងកម្លាំងចេញពីទីតាំងរបស់ពួកគេ នៅក្នុងទឹកដីប៉ាឡេស្ទីនឡើយ ហើយនឹងបន្តដកហូតអាវុធពីក្រុម Hamas។
ការចុះទៅផ្ទាល់នេះ ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានថ្លែង កាលពីថ្ងៃពុធថា ប្រទេសរបស់ខ្លួនរៀបចំផែនការរួចរាល់ហើយ ក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ចេញពីតំបន់ហ្គាហ្សា ប៉ុន្តែ កំពុងរង់ចាំការអនុញ្ញាតពីសហរដ្ឋអាមេរិក។
តាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល, ការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១ពាន់២២១នាក់។
ចំណែកឯប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែល បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិតកើនឡើងដល់ ៧ម៉ឺន៣ពាន់៤៧០នាក់នៅហ្គាហ្សា ក្នុងនោះ មានជាង ១ពាន់៣៣០នាក់បានស្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ត្រូវបានប្រកាស នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្គាហ្សា៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត