កូនត្រីរាប់លានក្បាលត្រូវបានសង្គ្រោះពីបទល្មើស «លូស្បៃមុង» ក្នុងរដូវបិទនេសាទឆ្នាំ២០២៦
កូនត្រីចម្រុះទើបញាស់រាប់លានក្បាល ត្រូវបានអាជ្ញាធរជំនាញ និងអង្គការដៃគូ សង្គ្រោះចេញពីឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទឆ្នាំ២០២៦ ដើម្បីការពារ និងពង្រឹងពូជត្រីក្នុងទន្លេមេគង្គ។ នេះបើតាមការឱ្យដឹងពីអង្គការ «អច្ឆរិយៈនៃទន្លេមេគង្គ» (Wonders of the Mekong)។
អង្គការអច្ឆរិយៈនៃទន្លេមេគង្គ បានបញ្ជាក់ថា កូនត្រីតូចៗដែលត្រូវគេប្រមូលទាញចេញពីឧបករណ៍ខុសច្បាប់ទាំងនោះ មិនមែនជាប្រភេទ «ត្រីល្អិត» ឡើយ ប៉ុន្តែជាកូនត្រីទើបញាស់នៃប្រភេទត្រីធំៗ ដែលខ្លះអាចលូតលាស់រហូតដល់ទម្ងន់ ៣០០ គីឡូក្រាម ។ការប្រព្រឹត្តបទល្មើសតាមរយៈឧបករណ៍ «លូស្បៃមុង» ក្នុងរដូវបិទនេសាទ ជាការបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់ផលត្រីរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។
ពាក់ព័ន្ធនឹងកិច្ចការពារនេះ ក្រុមការងារនៃគម្រោង «ការការពារ និងស្តារឡើងវិញនូវច្រកផ្លូវរបៀងជម្រកត្រីនៅក្នុងទន្លេមេគង្គ» បានចុះបេសកកម្មត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលជាច្រើនខេត្ត។ នាដើមខែកញ្ញានេះ ប្រតិបត្តិការដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាប់ពីខេត្តក្រចេះ រហូតដល់ភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរឹបអូសឧបករណ៍លូស្បៃមុង និងសង្គ្រោះកូនត្រីចម្រុះមិនតិចជាង ២៥ ប្រភេទរួមទាំងប្រភេទរងគ្រោះថ្នាក់ ដែលមានអាយុកាលទើបតែ ១ សប្តាហ៍ឡើង។
ឯកឧត្តម ប៉ែន ផល្លីកា មានប្រសាសន៍ថា ក្រុមជនល្មើសបានប្រៀបចំឧបសគ្គគ្រប់រូបភាព រួមទាំងការដាក់កំប្លោកបិទផ្លូវទឹក ដើម្បីរារាំងកម្លាំងសមត្ថកិច្ចមិនឱ្យចូលទៅដល់ទីតាំងបទល្មើស។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ស្បៃមុងគឺជាបញ្ហាធំមួយនៃរដូវបិទនេសាទដែលយើងត្រូវតែបង្ក្រាប។ ពេលឃើញរបាំងស្បៃមុង និងរបាំងខ្លះល្អិតជាងស្បៃមុងទៅទៀតនោះ លោកមានក្តីសង្វេគក្នុងចិត្តណាស់។ កូនត្រីដែលយើងចាក់លែងចូលទឹកធម្មជាតិវិញចំនួន ១៧៥ គីឡូក្រាម មានកូនត្រីរាប់លានក្បាល ដែលក្នុងរយៈពេល ៣ ទៅ ៤ ខែខាងមុខ ពួកវានឹងធំធាត់ក្លាយជាផលត្រីរាប់តោន»។
ជាមួយគ្នានេះគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គក៏បានអំពាវនាវផងដែរ ដល់ប្រជានេសាទទាំងអស់ សូមបញ្ឈប់ការការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់លូស្បៃមុងនេះទៅ ព្រោះវាបានបំផ្លាញធនធានមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ។ ត្រីតូចៗ ដែលឧបករណ៍ប្រភេទនេះចាប់បាន មិនមែនជាត្រីល្អិតទេ តែវាកូនត្រីដែលទើបនឹងញាស់ ហើយត្រីខ្លះអាចមានទម្ងន់ដល់ ៣០០គីឡូក្រាមឯណោះ៕
ដោយ៖ម៉ាដេប៉ូ








