ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏ទាក់ទាញថ្មី ដែលមានស្ដង់ដារត្រឹមត្រូវ
ក្រសួងទេសចរណ៍ មានគម្រោងជំរុញការរៀបចំតំបន់ភ្នំគូលែនទៅជា «តំបន់ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» រួមទាំង «ទេសចរណ៍បែបផ្សងព្រេង» ដ៏ទាក់ទាញថ្មីមួយទៀត នៅខេត្តសៀមរាប-អង្គរ ដើម្បីបំពេញតម្រូវការជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងដើម្បីចូលរួមអនុវត្តនូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលតែងតែជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម។
ជាពិតណាស់ តំបន់ភ្នំគូលែននៃខេត្តសៀមរាប មានសក្ដានុពលផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិរួចទៅហើយ ហើយក៏មានភ្ញៀវទេសចរទៅទស្សនាកម្សាន្តជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានការរៀបចំទៅតាមស្ដង់ដារជាតិ និងអន្តរជាតិនៅឡើយ។
នៅទីនោះ សម្បូរទៅដោយព្រៃភ្នំក្រំថ្មបែបធម្មជាតិ មានប្រាង្គប្រាសាទ ចម្លាក់សិលា និងបុរាណ ដ្ឋានដ៏ច្រើន មានស្ទឹងប្រវត្តិសាស្ត្រ មានពយភ្នំដែលកើតឡើងពីធម្មជាតិ ទេសភាពនៅលើគិរីបុព្វតា ក៏រឹតតែស្រស់ត្រកាល ថែមទាំងនៅមិនឆ្ងាយពីតំបន់អង្គរ និងទីប្រជុំជនសៀមរាបប៉ុន្មានឡើយ។ ហេតុ នេះហើយ បានជារាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ មានបំណងចង់ប្រែ ក្លាយ តំបន់ប្រវត្តិសាស្ត្រមួយនេះ ទៅជាផលិតផលទេសចរណ៍ថ្មីមួយទៀត ពិសេសគឺចង់រៀបចំបន្ថែមឱ្យ មានប្រភេទទេសចរណ៍ផ្សេងទៀតដូចជា ដំណើរទេសចរណ៍បែបផ្សងព្រេង ដូចនៅតំបន់ភ្នំឱរ៉ាល់ សហគមន៍ទេសចរណ៍អារ៉ែង ភ្នំបូកគោជាដើម។
ក្នុងកិច្ចបូកសរុបលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវផែនការមួយចំនួនឱ្យ «គណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប» រួមគ្នាអនុវត្តឱ្យបាន ក្នុងនោះ ឯកឧត្តមបានជំរុញឱ្យក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងមន្ទីរពាក់ព័ន្ធផ្សេងទៀត រួមគ្នាជំរុញការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីនៅលើភ្នំគូលែននេះ ឱ្យបានសម្រេចជោគជ័យឆាប់រហ័ស។
គណៈកម្មការអន្តរក្រសួងនេះ ក៏បានឯកភាពគ្នារៀបចំផែនការមេអភិវឌ្ឍន៍នៅគោលដៅទេសចរដ៏ធំៗចម្បង សម្រាប់ឆ្នាំ២០២០-២០៤០ផងដែរ ក្នុងនោះមានគម្រោងអភិវឌ្ឍន៍រយៈពេលខ្លី៥ឆ្នាំ (២០១៨-២០២៣) ផែនការជំរុញការរៀបចំកសាងហេដ្ឋរចនាសម្ព័ន្ធរឹងនៅទីក្រុងសៀមរាប ដែលមានជាអាទិ៍៖ ការជួសជុលផ្លូវក្នុងខេត្ត ផ្លូវក្រវាត់ជុំវិញក្រុង ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ សណ្តាប់ធ្នាប់អនាម័យក្នុងទីក្រុង។ ព្រមជាមួយនោះ អង្គប្រជុំ ក៏បានឯកគ្នាប្រគល់ភារកិច្ចជូនលោកអភិបាលខេត្តសៀមរាប ដើម្បីដឹកនាំអង្គប្រជុំសម្របសម្រូលមួយ ដើម្បីប្រែក្លាយសហគមន៍នេសាទជ្រាវទៅជាសហគមន៍តាមស្តង់ដារជាតិ និងអាស៊ានដ៏ទាក់ទាញ ឱ្យបានឆាប់រហ័សផងដែរ។
នៅក្នុងអនុសាសន៍ណែនាំនោះដែរ ឯកឧត្តម ថោង ខុន ក៏បានជំរុញឱ្យមានការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយត្រូវពង្រឹងគុណភាពសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបណ្តុះបណ្តាលផ្ទៃក្នុង និងជំរុញការអនុវត្តស្តង់ដារអាស៊ានក្នុងវិស័យទេសចរណ៍ ដោយក្នុងនោះរាជរដ្ឋាភិបាលបានបង្កើតឲ្យមាន «គណៈកម្មការជាតិផ្នែកជំនាញទេសចរណ៍» ដោយមានក្រសួងទេសចរណ៍ជាប្រធាន ហើយសព្វថ្ងៃកម្ពុជាបានដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលអាស៊ាន លើ៣២មុខជំនាញ។
ឯកឧត្តមបានបន្តណែនាំឱ្យកាត់បន្ថយការធ្លុះធ្លាយនៃវិស័យទេសចរណ៍ (Tourism Leakage) ដែលកើតចេញពីការនាំចូលបន្លែ ផ្លែឈើ និងសាច់ពីបរទេស ដោយត្រូវជំរុញការអភិវឌ្ឍខ្សែក្រវាត់បៃតង ជុំវិញក្រុងសៀមរាប ដោយជំរុញសកម្មភាពដាំបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វជាលក្ខណៈធម្មជាតិ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ។ ម្យ៉ាងទៀត ការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរអន្តរជាតិដើម្បីធានាផលប្រយោជន៍អតិបរមាពិសេស ការត្រៀមលក្ខណៈទទួលទេសចរចិន ដែលនឹងមានកំណើនយ៉ាងច្រើនជារៀងរាល់ឆ្នាំ ដោយត្រូវអនុវត្តន៍ឲ្យបានល្អ តាមសៀវភៅស្តីពី «China Ready» និងយុទ្ធសាស្រ្តទីផ្សារដោយឡែកសម្រាប់ភ្ញៀវទេសចរចិន។
គួរបញ្ជាក់ថា កិច្ចប្រជុំនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាបនេះ នឹងបន្តនៅពេល៣ខែខាងមុខទៀត ដើម្បីត្រួតពិនិត្យលើលទ្ធផលដែលសម្រេចបាន និងដើម្បីដាក់ទិសដៅអនុវត្តបន្ត៕ធ.ដ