ហ្វីលីពីន ព្រមានថា ចិន អាចឆ្លៀតឱកាសពង្រឹងឥទ្ធិពលនៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈ អាមេរិក-កូរ៉េខាងត្បូង កាត់បន្ថយសមយុទ្ធ
ម៉ានីល ៖ ប្រមុខការពារជាតិហ្វីលីពីន បានព្រមានកាលពីថ្ងៃ ចន្ទ ថា ចិនអាចចាត់ទុកការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាឱកាសមួយ ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
បើតាម Aljazeera, រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បាននិយាយនៅខាងក្រៅវេទិកាកិច្ចសន្ទនាការពារជាតិទីក្រុងសេអ៊ូល ថា ចិនមានសមត្ថភាពរហ័សរហួន ក្នុងការទាញយកប្រយោជន៍ពីភាពចន្លោះប្រហោងនានា ដែលកើតឡើងនៅក្នុងបរិបទសន្តិសុខតំបន់។
លោក Teodoro អះអាងថា ប្រសិនបើយើងនិយាយអំពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល នោះវាអាចជាសញ្ញានៃឱកាសមួយសម្រាប់ប្រទេសចិន ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនឡើងវិញ។
ប៉ុន្តែលោក Teodoro សង្កត់ធ្ងន់ថា ទីក្រុងម៉ានីលទទួលបានការធានាច្បាស់លាស់ពីទីក្រុងវ៉ាស៊ីនតោនថា គ្មានសញ្ញាណាមួយបង្ហាញថា ការផ្លាស់ប្តូរនៅកូរ៉េខាងត្បូង នឹងប៉ះពាល់ដល់ការប្តេជ្ញាចិត្ត ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងសហរដ្ឋអាមេរិក-ហ្វីលីពីននោះទេ។
ការព្រមានរបស់ហ្វីលីពីន កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានកាត់បន្ថយរយៈពេល និងទំហំសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ Ulchi Freedom Shield កាលពីខែមុន។ ល្បែងសង្គ្រាមនេះ បានបញ្ចប់មុនកាលវិភាគដើមចំនួន ៦ថ្ងៃ ក្រោយលោកប្រធានាធិបតី Donald Trump បញ្ជាឱ្យកាត់បន្ថយទំហំសមយុទ្ធយ៉ាងច្រើន៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

