សម្ដេច ហ៊ុន ម៉ាណែត ៖ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន
ក្នុងឱកាសអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានលើកឡើងថា អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអបអរសាទរ ខួបលើកទី២៦ ទិវាអក្ខរកម្មអន្តរជាតិ (៨ កញ្ញា ២០០០ – ៨ កញ្ញា ២០២៦) ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» និងចាត់ទុកប្រធានបទនេះ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ ។
សម្ដេចបវរធិបតី បានគូសបញ្ចាក់លើបណ្ដាញសង្គមនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ថា ប្រធានបទដ៏សំខាន់មួយនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។
សម្ដេចលើកឡើងថា អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពីសមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន ។
សម្ដេចធិបតី បានលើកឡើងថា ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះ ក៏បានបំពេញបន្ថែមជាមួយនឹងប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស។
ការណ៍នេះក៏ស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប» ។
ក្នុងសារលិខិតនាឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្មថា ជាការវិនិយោគដ៏មានតម្លៃបំផុតលើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុង សកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត។ ដូច្នេះ ការលើកកម្ពស់អក្ខរកម្មគឺជាការចូលរួមកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ផលិតភាពការងារ ការពង្រឹងសុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព ៕


ដោយ៖ វណ្ណលុក