កម្ពុជាអំពាវនាវឱ្យថៃគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីកម្ពុជា នៅចំពោះមុខ UN
ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(អ.ស.ប, UN )កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចប្រជុំដោយសម្តែងក្តីកង្វល់យ៉ាងធ្ងន់ធ្ងរជុំវិញការបន្តកាន់កាប់ និងស្ថាបនារចនាសម្ព័ន្ធខុសច្បាប់របស់កងកម្លាំងថៃនៅតំបន់ព្រំដែន ដែលកំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋភៀសខ្លួនកម្ពុជាជាង ២ម៉ឺននាក់។ទន្ទឹមនេះក៏ទាមទារឱ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅលើដែនដីកម្ពុជា។
ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងអំឡុងកិច្ចពិភាក្សាទូទៅលើរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួន ។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់អ.ស.បថា ទោះបីជាបទឈប់បាញ់នាខែធ្នូ ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃត្រូវបានរក្សាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងកិត្តិយសបាននៅឡើយ។ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវរងការបំផ្លិចបំផ្លាញ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងការសិក្សាអប់រំ ជាពិសេសចំពោះស្ត្រី និងកុមារ។
កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់កាន់កាប់ដែលស្ថិតក្នុងដែនដីកម្ពុជា ដោយការបង្កើតស្ថានភាពថ្មី (faits accomplis) តាមរយៈការដាក់របងលួសបន្លា កុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានិងស៊ីវិល និងការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋថៃ មុនពេលមានការខណ្ឌសីមា និងបោះបង្គោលព្រំដែនរួមគ្នា។
ឯកឧត្តមបានអំពាវនាវឱ្យមានការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ រួមទាំងអធិបតេយ្យភាព បូរណភាពដែនដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋស៊ីវិល និងសម្រេចបាននូវសន្តិភាពយូរអង្វែង៕



ដោយ៖ទួន សុផល