អាជ្ញាធរប្រមូលបំណែកថ្មបាក់បែករបស់ប្រាសាទព្រះវិហារបានចំនួន៧ម៉ឺនដុំ
ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា អាជ្ញាធរជំនាញបានប្រមូបំណែកថ្មប្រាសាទព្រះវិហារដែលបាក់បែក បានចំនួន៧ម៉ឺនបំណែក ដើម្បីរក្សាទុកការពារ និងត្រៀមរៀបចំផ្គុំឡើងវិញទៅតាមទម្រង់ដើមនៃប្រាសាទ ដែលខូចខាតដោយសារគ្រាប់ផ្លោងក្នុងជម្លោះព្រំដែនកម្ពុជា- ថៃ។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ពុទ្ធិការ បានបញ្ជាក់ថា នៅពេលមានឱកាសសមស្រប អាជ្ញាធរជំនាញនឹងយកបំណែកថ្មទាំងនោះមកផ្គុំ និងជួសជុលប្រាសាទឡើងវិញ។
ក្រៅពីនេះ មន្ត្រីជំនាញស៊ីម៉ាក់ បាន និងកំពុងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីចំនួន៧០ហិកតា នៅតំបន់ប្រាសាទព្រះវិហារ និងបរិវេណជុំវិញប្រាសាទ។
ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ទាំងពីរលើកកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតតំបន់ប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ សរុបចំនួន៥៦២កន្លែង ដែលខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធសំណង់ប្រាសាទ ស្ថាបត្យកម្ម សិលាចារឹក ក្បាច់ចម្លាក់ និងជញ្ជាំងប្រាសាទ។ ជាមួយគ្នានេះ ទីទាំងសហគមន៍ចំនួនជាង២០០ទីតាំងផ្សេងទៀត ក៏រងផលប៉ះពាល់ផងដែរ។
ឯកឧត្តម គង់ ពុទ្ធិការ បានលើកឡើងថា ជម្លោះនេះមិនមែនគ្រាន់តែបង្កជាការខូចខាតដ៏ធ្ងន់ធ្ងរសម្រាប់បេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ តែថែមទាំងបង្កវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរផងដែរ។ ក្នុងនោះពលរដ្ឋជនភៀសសឹកមួយចំនួនមិនអាចវិលត្រឡប់ទៅលំនៅឋានវិញឡើយរហូតមកដល់ពេលនេះ។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងទៀតថា អង្គការយូណេស្កូ និងអង្គការដៃគូ បានកៀរគរថវិកាចំនួន២០ម៉ឺនដុល្លារ សម្រាប់ការស្តារប្រាសាទព្រះវិហារឡើងវិញ។ ថវិកាទាំងនេះនឹងត្រូវប្រើសម្រាប់គាំទ្រលើការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ការងារប្រមូលបំណែកថ្មដែលបែកបាក់ ការងារទល់ទ្រប្រាសាទ និងការងារផ្សេងៗទៀត។
បើតាមឯកឧត្តម គង់ ពុទ្ធិការ ការងារស្តារប្រាសាទព្រះវិហារឱ្យមានភាពរឹងមាំឡើងវិញ គឺត្រូវការពេលវេលាយូរឆ្នាំ និងត្រូវការថវិកាច្រើន៕


សៅ សុខអេង