ខណ្ឌដូនពេញក្លាយជា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់ឆ្នាំ២០២៦-២០២៨
ខណ្ឌដូនពេញ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការ ជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី” ក្រោយពីមានកិច្ចសហការយ៉ាងជិតស្និទ្ធរៀបចំឡើងរវាងក្រសួងទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ បានធ្វើឡើងនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រីវេជ្ជបណ្ឌិត ម៉ារីយ៉ានណា ទ្រីយ៉ាស ប្រធានអង្គការសុខភាពពិភពលោកនៅកម្ពុជា ។

ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ខណ្ឌដូនពេញគឺជាក្រុង ស្រុក ខណ្ឌទី៩ ដែលទទួលបានជ័យលាភីនេះ។ ការប្រកាសទទួលស្គាល់នាពេលនេះ មិនមែនជាទីបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងនោះទេ ប៉ុន្តែជាការចាប់ផ្តើមនៃការទទួលខុសត្រូវថ្មី ក្នុងការបន្តថែរក្សា ពង្រឹង និងលើកកម្ពស់ស្តង់ដារបរិស្ថាន អនាម័យ សុវត្ថិភាព និងភាពទាក់ទាញនៃគោលដៅទេសចរណ៍នៅទូទាំងខណ្ឌដូនពេញ ឱ្យកាន់តែប្រសើរឡើង ប្រកបដោយគុណភាព និងចីរភាព។
រដ្ឋមន្រ្តីទេសចរណ៍បន្ថែមថា ជ័យលាភីនេះនឹងក្លាយជាគំរូល្អ និងជាកម្លាំងចលករ ជំរុញដល់ខណ្ឌផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ក៏ដូចជាក្រុង ស្រុក និងខណ្ឌនានាទូទាំងប្រទេស ឱ្យចូលរួមរៀបចំ និងលើកកម្ពស់មូលដ្ឋានរបស់ខ្លួន ឆ្ពោះទៅទទួលបានជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» បន្ថែមទៀត ដើម្បីរួមចំណែកកសាងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែស្អាត ឆ្លាត បៃតង មានសុវត្ថិភាព និងមានភាពទាក់ទាញ។
ខណ្ឌដូនពេញមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិព្រោះមានតំបន់រមនីយដ្ឋាន និងកន្លែងកម្សាន្តច្រើន ជាពិសេសផ្លូវថ្មើជើងចតុមុខ ដែលទទួលភ្ញៀវទេសចរណ៍ប្រមាណ២០ម៉ឺននាក់រៀងរាល់ចុងសប្តាហ៍។ ផ្លូវថ្មើជើងចតុមុខនេះត្រូវបានប្រកាសថាជាតំបន់គ្មានផ្សែងបារី គ្មានផលិតផលថ្នាំជក់។ កិច្ចការងារនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យខណ្ឌដូនពេញ ក្លាយជាទីក្រុងទេសចរណ៍ គ្មានផ្សែងបារី។
សូមបញ្ជាក់ថា «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» មិនមែនមានន័យថា ជាទីក្រុងដែលហាមឃាត់ការជក់បារីទាំងស្រុងនោះទេ ប៉ុន្តែសំដៅដល់ទីក្រុងទេសចរណ៍ ដែលមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសការមិនអនុញ្ញាតឱ្យជក់បារីនៅតាមទីកន្លែងដែលច្បាប់ហាមឃាត់។
គោលបំណងសំខាន់ គឺដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីផ្សែងបារី លើកកម្ពស់សុខភាព សុខុមាលភាព និងបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព អនាម័យ និងភាពទាក់ទាញ សម្រាប់ប្រជាពលរដ្ឋ អ្នកបម្រើការងារ និងភ្ញៀវទេសចរ៕



ដោយ ជាវ ចន្ធូ