កម្ពុជា-ថៃ ចាប់ផ្តើមបើកកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការ ផ្សះផ្សា UNCLOS នៅសិង្ហបុរី
កម្ពុជា និងថៃ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាតំបន់ សមុទ្រទាមទារត្រួតស៊ីគ្នារវាងប្រទេសទាំងពីរ នៅថ្ងៃទី១៤ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី។
តាមរបៀបវារៈផ្លូវការនៃកិច្ចប្រជុំគណៈកម្មការផ្សះផ្សា UNCLOS រវាងកម្ពុជា និងថៃនាថ្ងៃទី១៤ ខែកញ្ញានេះ ដែលជាថ្ងៃដំបូងនៃកិច្ចប្រជុំមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ តែទោះជាយ៉ាងណាដោយផ្អែកលើគំរូធ្លាប់អនុវត្តរវាងអូស្រ្តាលី និងទីម័រខាងកើត កិច្ចប្រជុំបិទទ្វារនេះនឹងចាប់ផ្តើមដោយការ ថ្លែងការណ៍របស់ភាគីទាំងពីរ។
មន្ត្រីក្រសួងការបរទេសបានឱ្យដឹងថា ជំនួបដំបូងនឹងពិនិត្យ លើការតែងតាំងសមាជិកគណៈកម្មការទាំង ៥រូប រួមមាន តំណាងកម្ពុជា ២រូប តំណាងថៃ ២រូប និងប្រធាន ១រូប ដែល ត្រូវចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនៅថ្ងៃនេះ មុននឹងបន្តពិភាក្សាអំពីនីតិវិធីការងារ ដើម្បីរៀបចំរបាយការណ៍ អនុសាសន៍ចុងក្រោយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៩ ខែកញ្ញា កិច្ចប្រជុំនេះរៀបចំឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS បន្ទាប់ពីមានការប្រកាសពីតុលាការ អចិន្ត្រៃយ៍នៃមជ្ឈត្តកម្ម (PCA)។ សម្រាប់បេសកកម្មនេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេស ធ្វើជាភ្នាក់ងារតំណាងកម្ពុជា ដឹកនាំគណៈប្រតិភូ និងក្រុមអ្នកច្បាប់អន្តរជាតិ ដោយមាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជា ភ្នាក់ងាររង។ ភាគីទាំងពីរនឹងធ្វើសេចក្តីថ្លែងការណ៍បើកកិច្ច ប្រជុំនៅថ្ងៃទី១៥ ខែកញ្ញា វេលាម៉ោង ៨ ព្រឹក។
សូមជម្រាបថា នីតិវិធីក្រោមឧបសម្ព័ន្ធទី៥ នៃ UNCLOS ពុំមានអំណាចចេញសាលក្រមបង្ខំឡើយ ប៉ុន្តែមានតួនាទីសម្របសម្រួលជួយភាគីទាំងពីរឱ្យឈានទៅរកកិច្ចព្រមព្រៀងរួម។
ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចបាន ដំណោះស្រាយដោយយុត្តិធម៌ នឹងបើកផ្លូវឱ្យមានការអភិវឌ្ឍរួមគ្នានៅតំបន់ត្រួតស៊ីគ្នា ដែលជាប្រភពថាមពលប្រេង និង ឧស្ម័នដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។ ជាមួយគ្នានេះ នីតិវិធីនេះគឺផ្តោតតែលើតំបន់សមុទ្រត្រួតស៊ីគ្នាតែប៉ុណ្ណោះ ដោយដាច់ដោយ ឡែកស្រឡះពីបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរ ហើយមិន ពាក់ព័ន្ធនឹងការកំណត់អធិបតេយ្យភាពតាមបណ្តោយព្រំដែនគោកឡើយ៕


ដោយ៖ទួន សុផល