រយៈពេល១០ថ្ងៃដើមខែកញ្ញា អ្នកបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ថយចុះ បើធៀបនឹងខែសីហា
រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បានកើតឡើងចំនួន៦៩ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃខែសីហា ពោលអ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួសថយចុះ ៦នាក់។
យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គ្រោះថ្នាក់ចរាចរណ៍រយៈពេល១០ថ្ងៃនៃដើមខែកញ្ញាភាគច្រើនកើតឡើងក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កែប កំពត ព្រះសីហនុ កោះកុង បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង។ករណីគ្រោះថ្នាក់បានកើតឡើងចំនួន៦៩ករណី បណ្តាលមនុស្ស៥០នាក់បាត់បង់ជីវិ និងរបួសធ្ងន់ស្រាលចំនួន ៨១នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានៃខែសីហា អ្នកស្លាប់ថយចុះ ២នាក់ និងអ្នករបួសថយចុះ ៦នាក់។
គួររំលឹកថា ចាប់ពីថ្ងៃទី១ ដើមខែកញ្ញាមក សមត្ថកិច្ចបានចាប់ផ្តើមអនុវត្ត និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងភូមិសាស្ត្រដែលតែងតែកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ នៃរាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្ដាល កំពង់ស្ពឺ និងខេត្តស្វាយរៀង។ ដោយឡែកចំពោះខេត្តក្រុងផ្សេងទៀត សមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការអប់រំ និងណែនាំ។ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះ គឺផ្តោតសំខាន់លើបទល្មើសចម្បងៗដែលជាប្រភពបង្កឱ្យមានគ្រោះថ្នាក់ រួមមាន ការបើកបរលើសល្បឿនកំណត់ ,ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ,ការមិនគោរពសញ្ញាសិទ្ធិអាទិភាព និងភ្លើងសញ្ញាចរាចរណ៍ ព្រមទាំងការដឹកជញ្ជូនទំនិញសំពីងសំពោងខុសបច្ចេកទេសជាដើម៕

ដោយ៖ង៉ាន់ ទិត្យ