កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ
ក្នុងជំនួបជាមួយលោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane Richou) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋានឯកឧត្តម ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលមានការរីកចម្រើនជាបន្តបន្ទាប់ និងកំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីលើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅជាដៃគូយុទ្ធសាស្ត្រ។
ឯកឧត្តមបានរំលឹកពីតួនាទីរបស់បារាំងក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា តាមរយៈសន្និសីទទីក្រុងប៉ារីស ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជាលើវិស័យជាច្រើនផងដែរ។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កងទ័ពបារាំង ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កងយោធពលខេមរភូមិន្ទ តាមរយៈអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលជាច្រើន ជាពិសេសការបណ្តុះបណ្តាលសម្រាប់បេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ។
ជាងនេះទៅទៀត ឯកឧត្តម វង្ស ពិសេន បានបង្ហាញពីបំណងបន្តពង្រីកកិច្ចសហប្រតិបត្តិការយោធាលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច និងព័ត៌មាន ការប្រយុទ្ធប្រឆាំងភេរវកម្ម សន្តិសុខសាយប័រ ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន បទល្មើសឆបោកតាមបច្ចេកវិទ្យា ព្រមទាំងការងារមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការចូលចតនាវា និងលំហាត់ហ្វឹកហ្វឺនរួមផងដែរ។
ដោយឡែក លោកឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ បានកោតសរសើរសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការបន្សាបគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាចជាបទពិសោធន៍សម្រាប់ចែករំលែកដល់បណ្តាប្រទេសផ្សេងទៀតនៅអាស៊ាន។ ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង បានវាយតម្លៃវិជ្ជមានចំពោះសិក្ខាកាមកងទ័ពកម្ពុជា ដែលបានសិក្សានៅប្រទេសបារាំង ដោយបញ្ជាក់ថា សិក្ខាកាមកម្ពុជាបានបង្ហាញពីសមត្ថភាពភាសាបារាំង និងបានបង្កើតមោទនភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។
ក្នុងពេលបំពេញបេសសកម្មនៅកម្ពុជា លោក ស្តេហ្វាន រីឈូ ក៏បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅសាលានាយទាហានសកម្មត្មាតពង ដែលកិច្ចសហប្រតិបត្តិការការពារជាតិបារាំង-កម្ពុជា បានអនុញ្ញាតឱ្យមានការបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទរាប់រយនាក់ អស់រយៈពេល ៣០ឆ្នាំមកហើយ៕
សេង បារាំង AMS













