អឺរ៉ុបនឹងកំណត់ការចូលប្រើប្រាស់បណ្តាញសង្គម សម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ
កូប៉ិនហាក ៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រីនឹងស្នើច្បាប់មួយទៅកាន់បណ្តាប្រទេសជាសមាជិក ដើម្បីកំណត់ការចូលប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ។
បើតាម NHK, លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងពីចំណុចនេះ នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហភាព ឬ State of the Union នៅទីក្រុង កូប៉ិនហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃពុធ។
លោកស្រី Von der Leyen បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការកំណត់អាយុសម្រាប់ការប្រើប្រាស់បណ្តាញសង្គម។ លោកស្រីបានមានប្រសាសន៍ថា «ទាំងយប់ ទាំងថ្ងៃ ឪពុកម្តាយបានឃើញពីផលប៉ះពាល់អវិជ្ជមាន ដែលរួមមានដូចជា ការបាត់បង់ដំណេក ការថប់បារម្ភ និងសូម្បីតែការធ្វើបាបខ្លួនឯង»។
លោកស្រីបានបន្ថែមថា «ក្នុងករណីជាច្រើនកំពុងកើនឡើងនោះ, ថែមទាំងឈានទៅដល់សោកនាដកម្មដែលបណ្តាលឱ្យបាត់បង់ជីវិតទៀតផង»។
យោងតាមសំណើនេះ, ការប្រើប្រាស់បណ្តាញសង្គមនឹងត្រូវបានហាមឃាត់សម្រាប់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ។ ចំណែកកុមារដែលមានអាយុ ១៣ និង ១៤ ឆ្នាំ នឹងត្រូវបានអនុញ្ញាតឱ្យបង្កើតគណនីបានលុះត្រាតែមានការត្រួតពិនិត្យពីឪពុកម្តាយ ឬ អាណាព្យាបាលរបស់ពួកគេប៉ុណ្ណោះ។
សំណើនេះក៏បានចែងផងដែរថា ក្រុមហ៊ុនប្រតិបត្តិករបណ្តាញសង្គមនឹងតម្រូវឱ្យអនុវត្តការរចនាប្រព័ន្ធដែលមានសុវត្ថិភាពសម្រាប់កុមារដែលមានអាយុចន្លោះពី ១៥ ទៅ ១៨ ឆ្នាំ៕
ប្រភព ៖ NHK ប្រែសម្រួល ៖ សារ៉ាត
