ដុតបំផ្លាញចោលបារីក្លែងក្លាយប៉ះពាល់សុខភាព និងបរិស្ថានប្រមាណ ៨០០តោននៅខេត្តតាកែវ
បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រមាណ ៨០០តោន ត្រូវបានដុតបំផ្លាញចោលនៅក្នុងភូមិសាស្រ្តខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ពិធីដុតបំផ្លាញនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្រ្តីមកពីក្រសួងស្ថាប័នមួយចំនួនផងដែរ។
ក្រសួងយុត្តិធម៌បានបញ្ជាក់ថា បារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារៈផលិតពាក់ព័ន្ធខាងលើនេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបបានជាក់ស្តែងនៅទីតាំងរោងចក្រមួយកន្លែង និងឃ្លាំងស្តុកមួយកន្លែង ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ ៤៤ឆ្នាំ ជនជាតិចិន ជាអ្នកគ្រប់គ្រងទីតាំងរោងចក្រនោះ។ ជននេះក៏ជាមុខសញ្ញានៃការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ការិយាល័យសន្តិសុខសាធារណៈទីក្រុងក្វាងចូវ ហើយត្រូវបានសមត្ថកិច្ចកម្ពុជាប្រគល់ជូនសមត្ថកិច្ចចិន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ក្នុងប្រតិបត្តិការនោះដែរ សមត្ថកិច្ចក៏បានចាប់យកនូវផលិតផលបារី សំបកកញ្ចប់ សម្ភារៈផលិត បរិក្ខារ ម៉ាស៊ីននៅទីតាំងរោងចក្រមានអគារចំនួន៧។ ក្នុងនោះមានម៉ាស៊ីនចម្រុះបម្រើការងារផលិតបារីចំនួន ៩១គ្រឿង កុំព្យូទ័រចំនួន ៦គ្រឿង សម្ភារៈពាក់ព័ន្ធគ្មានម៉ាកចំនួនជាង ១ពាន់តោន និងសម្ភារៈពាក់ព័ន្ធពាក់ម៉ាកក្លែងចំនួនជាង ២៣០តោន។
ចំណែកនៅទីតាំងឃ្លាំងស្តុកវិញ សមត្ថកិច្ចចាប់យកបារីពាក់ម៉ាកក្លែងចំនួន ៣១ប្រភេទសរុបជាង ១លានសុង ស្មើនឹងប្រមាណជាង ៣៧ម៉ឺនគីឡូក្រាម ភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ព្រមទាំងរកឃើញ សំបកវេចខ្ចប់ពាក់ម៉ាកក្លែងចំនួនជាង ១២ម៉ឺនគីឡូក្រាម។
សូមបញ្ជាក់ថា នៅខេត្តត្បូងឃ្មុំ ក៏មានករណីដុតបំផ្លាញចោលបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារវេចខ្ចប់បារីក្លែងម៉ាកប្រមាណ ៤០០តោន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦កន្លងទៅនេះផងដែរ៕
សេង បារាំង AMS












