ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលកម្ពុជាច្រើនមុខ កំពុងដាក់បង្ហាញក្នុងពិព័រណ៍អន្តរជាតិណាននីង ប្រទេសចិន

ស្ថាបត្យកម្មខ្មែរបុរាណ និងផលិតផលសក្តានុពលរបស់កម្ពុជា ច្រើនប្រភេទរួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគ និងទេសចរណ៍ កំពុងបង្ហាញវត្តមាន នៅក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ក្នុងប្រទេសចិន។
 
ពិព័រណ៍អន្តរជាតិដ៏ធំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមមូលបទ «កាលានុវត្តភាពតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ជីវិតកាន់តែប្រសើរ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
 
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះ។ ផលិតផលសក្តានុពលរបស់កម្ពុជាចំនួន ៨០ស្តង់ ដែលរួមមានក្រសួង សមាគម ក្រុមហ៊ុន សហគ្រាសកម្ពុជា សរុបចំនួន ៥០ បានចូលរួម ដើម្បីដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន។
 
ក្នុងពិព័រណ៌ខាងនេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំផ្ទះរួម ដើម្បីតាំងបង្ហាញផលិតផលពាក់ម៉ាក់សម្គាល់ភូមិសាស្ត្រ និងផលិតផលសក្តានុពលរបស់កម្ពុជា។ លើសពីនេះ ក្រសួងបានជ្រើសរើសខេត្តកំពង់ស្ពឺ ជាទីក្រុងស្រស់ប្រិមប្រិយ ដោយការរចនាបំផុសគំនិតពីស្ថាបត្យកម្មខ្មែរបុរាណ ដោយឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ និងបេតិកភណ្ឌវប្បធម៌ខ្មែរដ៏សម្បូរបែប និងផ្សារភ្ជាប់គ្នារវាងសិល្បៈ វប្បធម៌ និងការដាក់តាំងបង្ហាញផលិតផលកម្ពុជា ដើម្បីបង្ហាញអំពីសក្តានុពល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
 
សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ាន គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានកិច្ចសហការរវាងរដ្ឋាភិបាល ដែលត្រូវបានផ្តួចផ្តើមរៀ​បចំឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងជំរុញ ការទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងប្រទេសជាសមាជិកអាស៊ានទាំងអស់។ ពិព័រណ៍នេះ មានការដាក់បង្ហាញផលិតផលកសិកម្ម បច្ចេកវិទ្យា ឧស្សាហកម្ម ទំនិញប្រើប្រាស់ ព្រមទាំងមានការរៀបចំជំនួបធុរកិច្ច (B2B) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីផងដែរ៕

ខន ណារី AMS

ads banner