ទិវាសម្អាតពិភពលោក ៖ ក្រសួងស្ថាប័នពាក់ព័ន្ធអំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតបរិស្ថាន
ក្នុងទិវាសម្អាតពិភពលោកលើកទី៩ នាថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) រៀបចំ និងកៀរគរពលរដ្ឋ និងសិស្សានុសិស្ស ធ្វើសកម្មភាពប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅទូទាំងប្រទេស ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋថែរក្សា និងសម្អាតបរិស្ថានឱ្យបានស្អាត។
សម្រាប់កម្ពុជា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៩ហើយ ដែលបានចូលរួមប្រារព្ធទិវាសម្អាតពិភពលោក ដោយសកម្មភាពនេះត្រូវបានរៀបចំឡើងនៅតាមទីតាំងនានាទូទាំងប្រទេសនៅក្នុងអំឡុងខែកញ្ញា ស្របគ្នាជាមួយប្រទេសចំនួន១៩៨ជុំវិញពិភពលោក។
ទិវាឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»សំដៅឱ្យមានការចូលរួមសម្អាតសំណល់ ប្លាស្ទិក និងបញ្ជាបការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិកលើភពផែនដី។
ក្នុងកម្មវិធីទិវាសម្អាតពិភពលោក នៅក្នុងរាជធានីភ្នំពេញដែលធ្វើឡើងនៅសួនច្បារនាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៩ ឆ្នាំ២០២៦នេះ មិនត្រឹមតែជាការប្រមូលសំរាមក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអនុវត្តជាក់ស្តែងនូវប្រធានបទ៖ ការចូលរួម ៥% នៃប្រជាពលរដ្ឋ ដើម្បីដាស់តឿនស្មារតី និងផ្លាស់ប្តូរឥរិយាបថសង្គមប្រកបដោយនិរន្តរភាព។
ឯកឧត្តម បានលើកឡើងថា តាំងពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២៦នេះ កម្ពុជាបានបង្កើតចលនាសម្អាតបរិស្ថានដ៏រឹងមាំមួយ ដោយមានប្រជាពលរដ្ឋ និងយុវជនសរុបជាង ៥លាននាក់ចូលរួម។
លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេសមុទ្រ(ROC) បានលើកឡើងថា សកម្មភាពរបស់ពលរដ្ឋក្នុងការថែរក្សាបរិស្ថានស្អាត គឺមានសារសំខាន់សម្រាប់បរិស្ថាន និងជាផ្នែកទាក់ទាញភ្ញៀវទេសចរ។
យុវសិស្ស អ៊ុច ហ៊ុយស៊ីង មកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ និងជាយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមប្រមូលសំរាមនៅតាមដងទន្លេចតុមុខជាច្រើនលើក និងចូលរួមសកម្មភាពរើសសំរាមនៅក្នុងបរិវេណសាលារៀន។ យុវតីរូបនេះបានអំពាវនាវឱ្យពលរដ្ឋ ជាពិសេសសិស្សានុសិស្ស កុំបោសចោលសំរាមផ្តេសផ្តាសនៅតាមទីសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាព ព្រមទាំងមុខមាត់ប្រទេសកម្ពុជា៕



សៅ សុខអេង