ម្ហូបអាហារខ្មែរប្រមាណ ៣០មុខ បានហក់ចូលទីផ្សារកូរ៉េ និងប្រទេសមួយចំនួនទៀត
ឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS ថា សព្វថ្ងៃនេះ ផលិតផលម្ហូបអាហាររបស់កម្ពុជាបានចូលមកទីផ្សារកូរ៉េប្រមាណ ៣០មុខ និងមានផលិតផលជាច្រើនទៀតកំពុងដំណើរការពិនិត្យលទ្ធភាពក្នុងការនាំចូលផងដែរ។
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបញ្ជាក់ថា ផលិតផលម្ហូបអាហារនាំទៅកូរ៉េ មានជាប្រភេទគ្រឿងទេស ដូចជា ទឹកត្រី, ទឹកស៊ីអីវ, ទឹកម្ទេស, ទឹកសៀង, ម្ទេសឆា, ម្ស៉ៅស៊ុប, ព្រមទាំងអាហារមួយចំនួន ជាអាទិ៍ មីបន្លែ, គុយទាវស្ងួត, មីសួរ, នំបញ្ចុកស្ងួត និងប្រហុក ផ្អក។ ក្រៅពីនេះ កម្ពុជាក៏នាំផលិតផលភេសជ្ជៈជំនួយកម្លាំង ស្រាបៀរ, ទឹកដោះគោខាប់ ក៏ដូចជាដំណាប់ស្វាយ, ស្វាយចន្ទី, ត្រីប្រឡាក់ និងខ្ទិះដូងជាដើម ទៅលក់នៅកូរ៉េផងដែរ។
ឯកឧត្តម មៀវ សុខទ្រី បានឲ្យដឹងថា ការដឹកជញ្ជូនម្ហូបអាហារទាំងនេះ គឺដឹកតាមកប៉ាល់ ជាមធ្យមពីរទូកុងតឺន័រតូចក្នុងមួយខែ ដែលមានប្រហែលចំនួន ៣ ទៅ ៤ក្រុមហ៊ុនជាអ្នកនាំចេញទៅកូរ៉េនេះ។ សម្រាប់សមាគមវិញគឺបានជួយសម្របសម្រួល និងប្រមូលផ្តុំទំនិញទៅកូរ៉េជាមធ្យម ១ទូកុងតឺន័រក្នុងមួយខែសម្រាប់ទំនិញទូទៅ។
ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងជំនួបជាមួយប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា កន្លងទៅ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការនៅប្រទេសកូរ៉េបង្ហាញសន្ទុះគាំទ្រផលិតផលខ្មែរច្រើន។ ទំនិញកម្ពុជាមិនត្រឹមតែអាចបំពេញតម្រូវការរបស់ពលរដ្ឋកម្ពុជាទេ តែក៏កំពុងបំពេញតម្រូវការរបស់ប្រជាជននៃប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតផងដែរ។
ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា ឯកឧត្តម មៀវ សុខទ្រី បានសង្កត់ធ្ងន់ថា កំណើននៃផលិតផលកម្ពុជានៅទីផ្សារកូរ៉េ គឺដោយសារតែសន្ទុះនៃស្មារតីជាតិនិយមរបស់បងប្អូនខ្មែរនៅកូរ៉េ ដោយធ្វើពហិការផលិតផលបរទេស និងងាកមកគាំទ្រផលិតកម្ពុជា។
សូមបញ្ជាក់ថា សព្វថ្ងៃសមាគមអ្នកផលិតចំណីអាហារកម្ពុជាមានសមាជិកជាង ៦០០ សហគ្រាស ដែលមានការនាំចេញផលិតផលម្ហូបអាហារទៅច្រើនប្រទេស តែបរិមាណនៅមានកម្រិតនៅឡើយ៕
សេង បារាំង AMS

