អាមេរិក ប្រកាសពីការចរចាដោយជោគជ័យជាមួយ ចិន លើពាណិជ្ជកម្ម និង AI
វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានលើកឡើងថា កិច្ចប្រជុំ កាលពីថ្ងៃអាទិត្យ ជាមួយមន្ត្រីចិន លើប្រធានបទពាណិជ្ជកម្ម និង បញ្ញាសិប្បនិម្មិត ហៅកាត់ AI ទទួលបានជោគជ័យយ៉ាងខ្លាំង។
លោក Bessent បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីមានការចរចាពេញមួយថ្ងៃ ជាមួយលោក He Lifeng ដែលជាឧបនាយករដ្ឋមន្ត្រីចិនថា «យើងទើបតែបានបញ្ចប់កិច្ចពិភាក្សាដ៏ជោគជ័យមួយជាមួយភាគីចិន»។
លោក Bessent បាននិយាយទៀតថា សហរដ្ឋអាមេរិកបានស្នើឱ្យមានយន្តការជូនដំណឹងរវាងប្រទេសទាំងពីរ ចំពោះហេតុការណ៍នានា ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខជាដើម។
មន្ត្រីអាមេរិកក៏កំពុងស្វែងរកធានានូវការបន្តផ្គត់ផ្គង់ម៉ាញេទិក ដែលផលិតពីលោហៈធាតុដ៏កម្រ និងរ៉ែសំខាន់ៗ ហើយ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុនផលិតរបស់អាមេរិក។
ប្រភពមួយដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កិច្ចប្រជុំអាចនឹងបន្តរហូតដល់ថ្ងៃចន្ទនេះ។
នៅក្នុងការចរចាពីមុន, ប្រទេសចិនបានសន្យាថា នឹងទិញផលិតផលកសិកម្មរបស់អាមេរិក ហើយការអនុវត្តតាមលក្ខខណ្ឌទាំងនោះ ក៏អាចជាចំណុចមួយដែលនឹងត្រូវពិនិត្យមើលផងដែរ។
បើតាម AFP, កិច្ចពិភាក្សានេះ ចំណាយពេលប្រហែល ៨ម៉ោង និង បានត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន លើបញ្ហាពាណិជ្ជកម្ម, AI និងបញ្ហាផ្សេងៗទៀត ពោលគឺនៅមុនពេលដែលមានកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ។
ក្នុងនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីចិន លោក Xi Jinping មានគម្រោងជួបគ្នា នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
