អ្នកសារព័ត៌មាន ចូលទៅពិនិត្យអតីតមជ្ឈមណ្ឌលឆបោកនៅស្វាយរៀង
អាជ្ញាធរកម្ពុជាបាននាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣៩ អង្គភាព ចូលទៅទស្សនាអគារកាស៊ីណូមួយនៅខេត្តស្វាយរៀង ដែលធ្លាប់ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ។ នៅទីនេះ ឧក្រិដ្ឋជនមួយចំនួនបានក្លែងបន្លំខ្លួនធ្វើជាមន្ត្រីអនុវត្តច្បាប់របស់ប្រទេសនានា ដើម្បីបោកប្រាស់ជនរងគ្រោះ។
អគារកាស៊ីណូឈ្មោះ «Golden Galaxy» ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអតីតមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអនឡាញ យ៉ាងសកម្មមួយនៅកណ្តាលក្រុងបាវិត និងជាទីតាំងដែលជនល្មើសធ្លាប់លាក់ខ្លួន និងក្លែងបន្លំធ្វើជាមន្ត្រីបរទេស ដើម្បីប្រព្រឹត្តបទល្មើស Online Scam។
កាស៊ីណូនេះត្រូវបានសមត្ថកិច្ចបិទឃ្លុំទាំងស្រុង ក្នុងប្រតិបត្តិការចុះបង្ក្រាបកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមេក្លោងចំនួន ៣ នាក់ បញ្ជូនទៅតុលាការ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ។ កុំព្យូទ័រ និងទូរស័ព្ទសរុបជាង ៦០០ គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត ត្រូវបានដកហូត។
ដោយឡែក ជនបរទេសចំនួន ២៤៤ នាក់ មកពី ៤ សញ្ជាតិ រួមមាន ជនជាតិចិន៤៩នាក់ វៀតណាម១៨២នាក់ កូរ៉េខាងត្បូង៩នាក់ និងបង់ក្លាដែស ៦០នាក់ ត្រូវបានឃាត់ខ្លួន និងប្រគល់ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីបណ្តេញចេញពីកម្ពុជា។ បក្សពួកជាជនជាតិខ្មែរ៤នាក់ក៏ត្រូវបានឃាត់ខ្លួនផងដែរ។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អគារនេះមានម្ចាស់ទីតាំងជាជនជាតិចិន ឈ្មោះ ហុង ស៊ីងជឺ ហើយមានជនជាតិវៀតណាម ២ នាក់ ដែលបានជួលបន្ត និងយកទីតាំងនេះទៅរៀបចំប្រព្រឹត្តបទល្មើស Online Scam។
ឯកឧត្តមបានរំលឹកថា អាជ្ញាធរបានចុះស៊ើបអង្កេត និងចាត់វិធានការបង្ក្រាបទីតាំងនេះភ្លាមៗ ទោះបីម្ចាស់កាស៊ីណូបានព្យាយាមបង្វែរដានថា អគារកំពុងជួសជុល និងមិនទាន់អាចចូលពិនិត្យបានក៏ដោយ។
អគារកាស៊ីណូ Golden Galaxy សង់លើផ្ទៃដីជាង ៥ ហិកតា កម្ពស់ ៧ ជាន់ និងមានបន្ទប់ជាង ៧០០។ បច្ចុប្បន្ន ទីតាំងនេះត្រូវបានអាជ្ញាធរគ្រប់គ្រងទាំងស្រុង ដោយបានកាត់ផ្តាច់ប្រព័ន្ធទឹក ភ្លើង និងអ៊ីនធឺណិត ហើយអាជ្ញាធរនៅតែបន្តតាមស្វែងរក និងចាប់ខ្លួនអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។
ខេត្តស្វាយរៀងមានកាស៊ីណូចំនួន ២៨ ក្នុងនោះមាន ៣ កាស៊ីណូ ត្រូវបានអាជ្ញាធរបិទទាំងស្រុង ខណៈកំពុងរៀបចំនីតិវិធីបិទកាស៊ីណូមួយកន្លែងទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែននេះ។
ការចុះពិនិត្យទីតាំងជាក់ស្តែងនៅពេលនេះ គឺជាការបង្ហាញអំពីភាពស្មោះត្រង់ តម្លាភាព និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ល្បែងស៊ីសងខុសច្បាប់ និងការជួញដូរមនុស្ស ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់មុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិ៕
អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា




