ក្រុមហ៊ុនអាកាសចរណ៍ IndiGo ឥណ្ឌា នឹងចាប់ផ្តើមហោះហើរត្រង់ឡើងវិញមកកាន់ខេត្តសៀមរាប
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រៀមខ្លួនទទួលការវិលត្រឡប់មកវិញនៃជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ដើម្បីជំរុញវិស័យទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានត្រៀមខ្លួនស្វាគមន៍ការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ក្រោមការដឹកនាំ និងការត្រួតពិនិត្យជាប្រចាំពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីធានានូវប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុត។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការតភ្ជាប់ជើងហោះហើរឡើងវិញនេះ នឹងដំណើរការចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដោយមានកាលវិភាគហោះហើររវាងទីក្រុងកុលកាតា និង ខេត្តសៀមរាបចំនួន ៣ ជើងក្នុងមួយសប្តាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍។ ក្រុមហ៊ុននឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A320 ដែលមានសមត្ថភាពផ្ទុកពី ១៨០ ទៅ ១៨៦ កៅអី។
បើតាមអ្នកនាំពាក្យដដែល បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នតាមរដូវកាល ការវិលត្រឡប់របស់ IndiGo គឺជាសញ្ញាវិជ្ជមានយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា។ ការតភ្ជាប់សារជាថ្មីនេះ នឹងផ្តល់នូវកម្លាំងចលករក្នុងការជំរុញកំណើនភ្ញៀវទេសចរ មកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ព្រមទាំងរឹតចំណងសាមគ្គីភាព និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន រួមមានសិស្ស និស្សិត ធុរជន និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ការបង្កើតសហថាមពលពាណិជ្ជកម្មតាមរយៈការផ្សព្វផ្សាយទេសចរណ៍រួមគ្នា និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងកុលកាតា នឹងក្លាយជាឱកាសស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ កិច្ចសហការជិតស្និទ្ធរវាងភាគីពាក់ព័ន្ធក្នុងវិស័យអាកាសចរណ៍ និងទេសចរណ៍ ព្រមទាំងការផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត នឹងក្លាយជាគន្លឹះដ៏សំខាន់ក្នុងការទាញយកសក្តានុពលសេដ្ឋកិច្ចផ្លូវអាកាសមួយនេះឱ្យបានពេញលេញ និងមាននិរន្តរភាពយូរអង្វែង៕ ទួន សុផល

