អាយស៊ីស៊ី-អង្គរ និងយូណេស្កូ គោរពតាមកម្ពុជាលើផែនការប្រើប្រាស់ដីភូមិក្នុងតំបន់អង្គរ
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងអង្គការយូណេស្កូ គោរពតាមការសម្រេចចិត្តរបស់កម្ពុជា លើផែនការប្រើប្រាស់ដីភូមិ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្នុងគោលដៅអភិរក្ស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមបញ្ញតិ្តអន្តរជាតិ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិគ្រោះយោបល់លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់ ១ និងតំបន់២ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ជាមួយតំណាងអង្គការ UNESCO និងតំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor ដើម្បីឈានទៅរកការឯកភាពគ្នាក្នុងការដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិនៅតំបន់អង្គរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា នេះគឺជាវិធានការប្រើប្រាស់ដីច្បាស់លាស់ និងមានសារៈសំខាន់លើកដំបូងក្នុងតំបន់១ និង តំបន់២ នៃរមណីយដ្ឋានអង្គរ ដែលគិតគូរ និងឱ្យតម្លៃខ្ពស់ដល់កាអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកស្ទួយជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ ទាំង ១១៤ ក្នុងតំបន់អង្គរ ទំហំ ៤០១ គីឡូម៉ែត្រការ៉េ។
យោងតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផលិតចេញនូវផែនការឯកភាពរួមមួយ រវាងបងប្អូនប្រជាជនរស់នៅក្នុងតំបន់អង្គរ អាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា តាមរយៈការពិគ្រោះយោបល់លើសេចក្តីព្រាងផែនការប្រើប្រាស់ដី និងបញ្ញត្តិប្រើប្រាស់ដីភូមិទាំង១១៤ ក្នុងតំបន់រមណីយដ្ឋានបេតិភណ្ឌពិភពលោកអង្គរ ជាបន្តបន្ទាប់ មុននឹងឈានដល់កិច្ចពិគ្រោះយោបល់នាពេលនេះ ។
ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់បន្ថែមថា ចាប់ពីពេលនេះតទៅ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយប្រកាន់យក «យុទ្ធសាស្ត្របន្ធូរបន្ថយ» គឺ ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលយកបាន និងងាយស្រួលអនុវត្ត, ធានាឱ្យពលរដ្ឋរស់នៅសុខដុមរមនាក្នុងក្រុមគ្រួសារ និងមានស្ថិរភាពចំណូលពីអាជីវកម្មចិញ្ចឹមជីវិតស្របច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ។
ជាមួយគ្នានេះ តំណាងសហប្រធាន ICC Angkor ក៏ដូចជាតំណាង UNESCO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា លើការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដ៏ស្មុគស្មាញអស់រយៈកាលជាយូរអង្វែងនេះ។
ក្នុងនាមដៃគូអភិវឌ្ឍន៍ តំណាង UNESCO និងតំណាង សហប្រធាន ICC Angkor គោរពតាមការសម្រេចចិត្ត របស់កម្ពុជា ក្នុងការរៀបចំការងារចាំបាច់នានា ក្នុងគោលដៅអភិរក្ស និងលើកកម្ពស់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំង ១១៤ ស្របតាមបញ្ញតិ្តអន្តរជាតិ ៕




អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ