គយរកឃើញសារធាតុញៀនជាង១០ម៉ឺនគីឡូនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងសៀមរាប
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ រកឃើញសារធាតុញៀនសរុបជាង ១០ម៉ឺនគីឡូក្រាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ចាប់ពីថ្ងៃទី២ ខែកញ្ញារហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានគយបញ្ជាក់ថា នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប សមត្ថកិច្ចរកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ៤៤កញ្ចប់ ទម្ងន់សុទ្ធសរុប ២២គីឡូក្រាម លាក់ ក្នុងវ៉ាលីសសម្លៀកបំពាក់របស់អ្នកដំណើរបរទេសម្នាក់ ដែលត្រូវបានត្រួតពិនិត្យនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
សារធាតុញៀនផ្សេងទៀតត្រូវបានរកឃើញនៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ៣នាក់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សារធាតុទាំងនោះមាន រុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ១៤៦ដុំ ទម្ងន់សុទ្ធសរុប ៧៣គីឡូក្រាម និងម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សុទ្ធសរុប ៦ ២១៩ក្រាម។
ចំណែកនៅថ្ងៃទី៨ កញ្ញា អគ្គនាយកដ្ឋានគយបានរកឃើញសារធាតុសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១៩ដុំតូច ទម្ងន់សុទ្ធសរុប ១៨៦ក្រាម ក្រោយធ្វើការត្រួតពិនិត្យលើអ្នកដំណើរបរទេសម្នាក់ ហើយនៅថ្ងៃទី៦ កញ្ញា រកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆា ចំនួន ២៨ដុំ ទម្ងន់សុទ្ធសរុបជិត ២៨គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ក្រោយពីធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់។
ដោយឡែកនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយបានរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីនចំនួន ៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម ដែលត្រូវបានលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរក្រោយធ្វើការត្រួតពិនិត្យលើសញ្ជាតិម៉ាឡេស៊ី ១នាក់ ដែលធ្វើដំណើរចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់ និងថ្ងៃទី៣ កញ្ញា រកឃើញរុក្ខជាតិក្រៀមសង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ៧១ដុំ មានទម្ងន់សុទ្ធសរុប ៣៤,៥គីឡូក្រាម ក្រោយធ្វើការត្រួតពិនិត្យលើអ្នកដំណើរបរទេសម្នាក់។
សូមបញ្ជាក់ថា បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍បានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រងថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមានផងដែរ៕





សេង បារាំង AMS