អ៊ុយក្រែន បង្អួតដ្រូនស្ទាក់ចាប់តម្លៃ ២ ពាន់ដុល្លារត្រៀមប្រើប្រមាញ់ដ្រូនពិឃាត រុស្ស៊ី
កៀវ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Vluchnyk របស់អ៊ុយក្រែន បានបង្អួតយន្តហោះដ្រូនស្ទាក់ចាប់ជំនាន់ថ្មីដែលមានសមត្ថភាពស្ទាក់ចាប់ ឬតាមដេញតាមប្រមាញ់ដ្រូនឈ្លបយកការណ៍ និងដ្រូនត្រកូល Geran របស់រុស្ស៊ី ។
ក្រុមហ៊ុន Vluchnyk និយាយថា ដ្រូននេះមានឈ្មោះ Zorelit v5 មានតម្លៃ ២ ពាន់ដុល្លារ ជាមួយនឹងសមត្ថភាពអាចហោះក្នុងល្បឿនជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង ការហោះហើរបានចម្ងាយរហូតដល់ ៤៧ គីឡូម៉ែត្រ នៅពេលសាកថ្មម្តង ។
បើតាម Defender Media, ដ្រូនមួយនេះអាចពាំក្បាលគ្រាប់ទម្ងន់ ៦ គីឡូក្រាម ជាពិសេសវាអាចហោះសំកាំងខ្លួនលើអាកាសបានរហូតដល់ ១៧ នាទី ។
លើសពីនេះ ដ្រូន Zorelit v5 ត្រូវបានបំពាក់ប្រព័ន្ធ AI សម្រាប់រកឃើញដ្រូន Shahed ដោយស្វ័យប្រវត្តិ និងប្រព័ន្ធណែនាំដ្រូនទៅកាន់គោលដៅនៅដំណាក់កាលចុងក្រោយនៃការស្ទាក់ចាប់ ។
ដ្រូននេះក៏គាំទ្រការបញ្ជាពីចម្ងាយ និងការរួមបញ្ចូលជាមួយប្រព័ន្ធ SkyMap ដែលអាចឱ្យវាហោះដោយស្វ័យប្រវត្តិទៅកាន់តំបន់គោលដៅ និងជ្រើសរើសគន្លងស្ទាក់ចាប់ដែលសមស្រប ។
បើតាមការបញ្ជាក់ពីស្ថាបនិកក្រុមហ៊ុន Vluchnyk, ក្រុមហ៊ុនក៏បានសាកល្បង ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិ និងប្រព័ន្ធហោះហើរទៅកាន់តំបន់គោលដៅ នៅទីលានសាកល្បងរួចហើយផងដែរ ខណៈការសាកល្បងក្នុងស្ថានភាពប្រយុទ្ធ ត្រូវបានគ្រោងធ្វើឡើងនៅចុងខែកញ្ញានេះ ។
បច្ចុប្បន្ន ដ្រូននេះអាចបញ្ជាទិញបានតែតាមរយៈកិច្ចសន្យាផ្ទាល់ជាមួយអង្គភាពយោធាប៉ុណ្ណោះ។ ជាមួយគ្នានេះ វាកំពុងស្ថិតក្នុងដំណើរការចុះលេខកូដសម្គាល់ ហើយបន្ទាប់ពីបញ្ចប់ វានឹងអាចដាក់លក់តាមទីផ្សារដោយប្រើប្រាស់ប្រព័ន្ធ ePoints ៕
ប្រភព ៖ Defender Media ប្រែសម្រួល ៖ ឈឹម ទីណា
