អ៊ីរ៉ង់ប្រាប់ UN ថា អ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរ តែ អន្តរជាតិបែរជាមកតាមដានប្រទេសខ្លួនដែលគ្មានទៅវិញ
អ.ស.ប ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានលើកឡើងប្រាប់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា វាជារឿងអយុត្តិធម៌ដែលអ៊ីស្រាអែលមានអាវុធនុយក្លេអ៊ែរក្នុងដៃ ប៉ុន្តែ ក្រុមអ្នកត្រួតពិនិត្យអន្តរជាតិ បែរជាមកតាមដានទីក្រុងតេហេរ៉ង់ ដែលគ្មានអាវុធប្រល័យលោកប្រភេទនេះ ទៅវិញ។
បើតាម Jerusalem Post, ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានថ្កោលទោសការដែលអ៊ីស្រាអែលត្រូវបានគេចោទប្រកាន់ថា មានអាវុធនុយក្លេអ៊ែរ ខណៈដែលក្រុមអ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ហៅកាត់ IAEA ត្រូវបានបញ្ជូនមកដើម្បីតាមដានកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អំឡុងពេលសុន្ទរកថា នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ, លោក Pezeshkian បានមានប្រសាសន៍ថា «ប្រធានបទនៃកិច្ចប្រជុំនេះគឺការជឿទុកចិត្តគ្នាទៅវិញទៅមក។ រឿងនេះមិនអាចសម្រេចបានដោយគ្រាន់តែពាក្យសម្ដីនោះទេ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈការលះបង់ចោលនូវស្តង់ដារពីរ»។ អាវុធបរមាណូ និងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃរបស់ របបអ៊ីស្រាអែល ប៉ុន្តែក្រុមអ្នកត្រួតពិនិត្យ IAEA ត្រូវបានស្នើសុំឱ្យមកកាន់ប្រទេសអ៊ីរ៉ង់វិញ»។
លោកបានបន្តថា «អ៊ីស្រាអែលមានគ្រាប់បែក និងមានអាវុធប្រល័យលោក។ ពួកគេមិនមែនជាសមាជិកនៃសន្ធិសញ្ញាមិនរីករាលដាលអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ទេ។ ក្នុងអំឡុងពេលនៃអត្ថិភាពដ៏គួរឱ្យអាម៉ាស់របស់ពួកគេ, ពួកគេមិនដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យណាមួយឡើយ ប៉ុន្តែ អ៊ីស្រាអែលបែរជាទទួលបានរង្វាន់ជាមធ្យោបាយចាំបាច់ទាំងអស់ដើម្បីទម្លាក់គ្រាប់បែកលើរដ្ឋធានីណាមួយ នៅក្នុងតំបន់តាមចិត្តចង់»។
លោកបានបន្ថែមថា «អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលជាង ៧០,០០០នាក់យ៉ាងព្រៃផ្សៃនៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីរ៉ង់កំពុងស្ថិតនៅតុចរចា ប៉ុន្តែ បែរជាត្រូវទទួលរងការទម្លាក់គ្រាប់បែក»។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានមានប្រសាសន៍ទៀតថា «សម្រាប់ប្រទេសរបស់យើង បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពគឺជាផ្នែកមួយនៃវឌ្ឍនភាពរបស់យើង… អ៊ីរ៉ង់មិនទទួលយកការដែលបច្ចេកវិទ្យានុយក្លេអ៊ែរស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្សមួយក្រុមតូចនោះទេ… យើងនឹងមិនឱនក្បាលចុះចាញ់ឡើយ ហើយយើងនិយាយយ៉ាងច្បាស់ថា គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានការរឹតត្បិតលើការអភិវឌ្ឍនុយក្លេអ៊ែរដើម្បីសន្តិភាពរបស់យើងឡើយ»៕
ប្រភព ៖ Jerusalem Post, ប្រែសម្រួល ៖ សារ៉ាត