អាមេរិក ប្រកាសអញ្ជើញលោក ពូទីន ទៅចូលរួមកិច្ចប្រជុំ G20

ញូវយ៉ក ៖ សហរដ្ឋអាមេរិកបានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឲ្យទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami នាពេលខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីការទេសអាមេរិក កាលពីថ្ងៃពុធ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានលើកឡើងថា រដ្ឋបាលអាមេរិកបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០លើលោក ឬ G20 ដែលនឹងប្រព្រឹត្តទៅ នៅក្នុងខែធ្នូ ឆ្នាំ២០២៦។

លោក Rubio បានថ្លែងបែបនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov នៅក្រៅមហាសន្និបាត អង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។

ប្រមុខការទូតអាមេរិកបានរៀបរាប់ថា «យើងបានអញ្ជើញប្រធានាធិបតី ពូទីន ឱ្យចូលរួមកិច្ចប្រជុំ G20។ យើងយល់ឃើញថា នេះគឺជាឱកាសមួយសម្រាប់គាត់ ក្នុងការជួបពិភាក្សា មិនត្រឹមតែជាមួយប្រធានាធិបតីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាមួយមេដឹកនាំពិភពលោកផ្សេងទៀតផងដែរ»។

បើតាម Tass, ទីស្នាក់ការកណ្តាល UN ដែលមានទីតាំង នៅក្នុងទីក្រុងញូវយ៉កមួយនេះ កំពុងរៀបចំកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៨១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ហៅកាត់ UNGA ដោយមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ក៏ដូចជា រដ្ឋមន្ត្រីការបរទេសនានា ចាប់ពីថ្ងៃទី២២ រហូតដល់ ថ្ងៃទី២៨ ខែកញ្ញា៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner