អេស្ប៉ាញ ទទូចឱ្យកែទម្រង់ក្រុមប្រឹក្សាសន្តិសុខ UN ហើយថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សា
ញូវយ៉ក ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez កាលពីថ្ងៃ ពុធ បានអំពាវនាវឱ្យធ្វើការកែទម្រង់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហៅកាត់ UNSC ដើម្បីធានានូវសមាសភាពតំណាងប្រកបដោយសមធម៌សម្រាប់គ្រប់តំបន់ និងលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍ ។
លោក Pedro Sanchez ក៏ទទូចឱ្យពិភពលោកថ្កោលទោសអំពើប្រល័យពូជសាសន៍នៅហ្គាហ្សាផងដែរ ។
បើតាម Anadolu, មេដឹកនាំអេស្ប៉ាញរូបនេះ បាននិយាយរិះគន់មិនសំចៃមាត់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា យើងចាំបាច់ត្រូវធ្វើកំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីឱ្យគ្រប់តំបន់ទាំងអស់នៅលើពិភពលោក មានសមាសភាពតំណាងប្រកបដោយសមធម៌ ។ លោកថា ការធ្វើបែបនេះ នឹងអាចលុបបំបាត់សិទ្ធិវេតូរបស់សមាជិកអចិន្ត្រៃយ៍បាន ។
លោក Sanchez សង្កត់ធ្ងន់ថា ដោយអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានរដ្ឋណាមួយត្រូវធ្វើជាចៅក្រមកាត់ក្តីលើបញ្ហាពាក់ព័ន្ធនឹងខ្លួនឯងឡើយ ទោះបីជារដ្ឋនោះមានអំណាចខ្លាំងក្លាយ៉ាងណាក៏ដោយ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញរូបនេះ ព្រមានធ្ងន់ៗថា គោលការណ៍គ្រឹះនៃប្រព័ន្ធអន្តរជាតិ ដូចជា សន្តិភាព ចីរភាព និងកាលានុវត្តភាពស្មើគ្នា កំពុងរងការវាយប្រហារកាន់តែខ្លាំងឡើង ពីតួអង្គនយោបាយ និងរដ្ឋាភិបាល ដែលព្យាយាមអូសទាញពិភពលោកវិលត្រឡប់ទៅរក “អតីតកាលដ៏ខ្មៅងងឹត”។
លោក Sanchez អះអាងទៀតថា អេស្ប៉ាញបានចាត់វិធានការជាច្រើនរួចមកហើយ ក្នុងការឆ្លើយតបទៅនឹងជម្លោះនានា ក៏ដូចជាប្រឆាំងនឹងសកម្មភាពទាំងឡាយណា ដែលផ្ទុយនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ រួមមាន វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងដាក់បម្រាមនាំចេញអាវុធទៅកាន់អ៊ីស្រាអែល។
នាយករដ្ឋមន្ត្រីវ័យ ៥៤ ឆ្នាំរូបនេះ ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតរបស់អេស្ប៉ាញ ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ ដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងបន្តប្រព្រឹត្តលើប្រជាជនរស់នៅក្នុងតំបន់ហ្គាហ្សា ។
លោកថា “ពហុភាគីនិយម” នៅតែជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីគ្រប់គ្រងការពឹងពាក់គ្នាទៅវិញទៅមកនៅលើពិភពលោក ដោយមេដឹកនាំអេស្ប៉ាញរូបនេះ បានជំរុញឱ្យមានការស្តារទំនុកចិត្តទៅលើអង្គការសហប្រជាជាតិ ក៏ដូចជាបង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងស្ថាប័នអន្តរជាតិមួយនេះឡើងវិញ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា