អ្នកជំនាញកម្ពុជាមើលឃើញសក្ដានុពល និងឱកាស បន្ទាប់ពីចិនដាក់ឱ្យប្រើប្រាស់ព្រែកជីកភីងលូ ដែលសម្រួលការតភ្ជាប់ជាមួយអាស៊ាន
ក្រោយចំណាយពេលសាងសង់អស់រយៈពេល ៤ឆ្នាំ នៅទីបំផុតប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ព្រែកជីកភីងលូ(Pinglu) ដែលតភ្ជាប់ផ្លូវទឹករវាងប្រទេសចិន និងអាស៊ាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ អ្នកជំនាញយល់ឃើញថា កម្ពុជា និងសមាជិកអាស៊ានផ្សេងទៀត នឹងទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូនពីព្រែកជីកថ្មីនេះ។
ចិនបានបោះទុនវិនិយោគជាង ១០ពាន់លានដុល្លារ ដើម្បីសាងសង់ព្រែកជីកប្រវែង ១៣៤,២គីឡូម៉ែត្រនេះ ដែលតភ្ជាប់តំបន់ស្វយ័ត ក្វាងស៊ី ទៅកាន់ឈូងសមុទ្រ តុងកឹង ដោយជួយកាត់បន្ថយចម្ងាយដឹកជញ្ជូនតាមផ្លូវទឹកពីភាគនិរតីនៃប្រទេសចិនទៅកាន់សមុទ្រ បានជាង ៥៦០គីឡូម៉ែត្រ។

លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ក្រៅពីចិន បណ្ដាសមាជិកអាស៊ានសុទ្ធតែទទួលបានប្រយោជន៍ដោយផ្ទាល់ និងប្រយោល ជុំវិញការឲ្យដាក់ប្រើប្រាស់ព្រែកជីកភីងលូរបស់ចិន។
សម្រាប់កម្ពុជា អាចទាញយកប្រយោជន៍ជាយុទ្ធសាស្រ្តសំខាន់ៗ ចំនួន ៤ រួមមាន៖ ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន, ជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន, ជំរុញការទាក់ទាញវិនិយោគិនបរទេស និងការបំពេញបន្ថែមរវាងព្រែកជីកភីងលូ និងព្រែកជីកហ្វូណនតេជោរបស់កម្ពុជានៅពេលខាងមុខ។

ចំណែក អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានបង្ហាញគំនិតសុទិដ្ឋិនិយមផងដែរជុំវិញ ការដាក់ឲ្យប្រើប្រាស់ព្រែកភីងលូ ដែលជាផ្លូវដឹកជញ្ជូនតាមទឹកថ្មីរវាងចិន និងអាស៊ាន។ អ្នកឧកញ៉ា ស៊ិន ចន្ធី មើលឃើញថា ព្រែកជីក Pinglu គឺជាព្រែកជីកដ៏សំខាន់មួយ ព្រោះទំហំទំនិញដែលត្រូវដឹកជញ្ជូនរវាងអាស៊ាន-ចិន ភាគច្រើនពឹងផ្អែកលើការដឹកជញ្ជូនតាមកំពង់ផែ។
សម្រាប់អ្នកឧកញ៉ា ការដាក់ឲ្យដំណើរការព្រែកជីកនេះ មិនត្រឹមជួយលើកកម្ពស់ការប្រកួតប្រជែងខាងសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេ តែក៏ជាការតភ្ជាប់ផ្លូវទឹកដ៏សំខាន់រវាងអន្តរជាតិ និងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា។
ជារួម ព្រែកជីក Pinglu នឹងជួយពង្រឹងការតភ្ជាប់រវាងចិន និងអាស៊ាន ដោយផ្តល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងរឹងមាំសម្រាប់ការកសាងសហគមន៍ជោគវាសនារួម ចិន-អាស៊ាន។ អ្នកវិភាគយល់ថា ផ្លូវទឹកថ្មីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ រវាងចិន និងអាស៊ាន ហើយក៏ជាផ្លូវថ្មីមួយសម្រាប់ឱ្យពិភពលោកចែករំលែក «កាលានុវត្តភាពចិន» ផងដែរ៕

ខន ណារី AMS