អេហ្ស៊ីប ទទូចបញ្ចប់អំពើហិង្សារបស់អ៊ីស្រាអែល និងបដិសេធការបណ្តេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ
ញូវយ៉ក ៖ មេដឹកនាំអេហ្ស៊ីបប្រកាសទទូចឱ្យបញ្ចប់អំពើហិង្សា និងការរំលោភបំពានរបស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីន ក៏ដូចជាបដិសេធយ៉ាងដាច់អហង្ការរាល់ការប៉ុនប៉ងបង្ខំឱ្យប្រជាជនចាកចេញពីតំបន់ហ្គាហ្សាស្រ្ទីប ឬតំបន់ វេស ប៊ែង ដែលកំពុងស្ថិតក្រោមការកាន់កាប់ រួមទាំងតំបន់ហ្ស៊េរុយសាឡឹមខាងកើត។
នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Mostafa Madbouly បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃ សុក្រ ថា បទឈប់បាញ់នៅតំបន់ហ្គាហ្សាត្រូវតែអនុវត្តឱ្យបានពេញលេញ, ការរំលោភបំពានរបស់អ៊ីស្រាអែលត្រូវតែបញ្ឈប់ ហើយការដកកងទ័ពចេញត្រូវតែធ្វើឡើងឱ្យបានចប់សព្វគ្រប់។
លោក Madbouly បានអំពាវនាវឱ្យមានការធានាលំហូរជំនួយមនុស្សធម៌ជាប្រចាំ និងការចាប់ផ្តើមដំណើរការស្តារឡើងវិញក្រោយបញ្ចប់ជម្លោះ ព្រមទាំងដំណើរការនយោបាយមួយ ដើម្បីដោះស្រាយឫសគល់នៃជម្លោះ។
នាយករដ្ឋមន្រ្តីអេហ្ស៊ីបរូបនេះ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់ទីក្រុងគ៊ែរ ចំពោះរដ្ឋប៉ាឡេស្ទីនដែលមានឯករាជ្យភាព អធិបតេយ្យភាព និងមានទឹកដីជាប់គ្នា ដោយផ្អែកលើខ្សែព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ និងមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើតជារដ្ឋធានី។
បន្ថែមពីលើការគាំទ្រ លោក Madbouly បានជំរុញឱ្យសហគមន៍អន្តរជាតិចាត់វិធានការការពារជនស៊ីវិល, បដិសេធការដាក់ទណ្ឌកម្មជាសមូហភាព និងធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ។
ជាមួយគ្នានេះ លោក Madbouly ក៏បានអះអាងឡើងវិញនូវការទាមទាររបស់អេហ្ស៊ីប ឱ្យមានការកែទម្រង់ដ៏ទូលំទូលាយចំពោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហានៃកង្វះតំណាងសមស្របរបស់ទ្វីបអាហ្វ្រិក ព្រមទាំងទទូចឱ្យតំបន់មជ្ឈិមបូព៌ា លុបបំបាត់អាវុធនុយក្លេអ៊ែរ និងអាវុធបំផ្លាញទ្រង់ទ្រាយធំផ្សេងទៀត៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


