អគ្គនាយកដ្ឋានជលផលប្រកាសកាលបរិច្ឆេទរដូវបើកនេសាទទឹកសាបចាប់ផ្ដើមពីខែតុលា
អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសបើករដូវនេសាទទឹកសាបឡើងវិញចាប់ពីខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទៅតាមតំបន់នីមួយ ប៉ុន្តែឧបករណ៍នេសាទត្រូវស្របតាមច្បាប់កំណត់។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី២៥កញ្ញា រដូវបើកនេសាទគឺចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ សម្រាប់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ។ ដោយឡែក ការនេសាទនៅខេត្តស្ទឹងត្រែង ត្រូវបានកំណត់ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំក្រោយ។
ចំណែករដូវបើកនេសាទសម្រាប់ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខវិញ គឺចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
នៅក្នុងរយៈពេលបើកនេសាទនេះ អគ្គនាយកដ្ឋានជលផលណែនាំឲ្យអ្នកនេសាទទាំងអស់ ត្រូវប្រើឧបករណ៍នេសាទស្របតាមច្បាប់។ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទនេះថា ការបង្ក្រាបបទល្មើសនេសាទមិនមានរដូវកាលទេ ទោះជារដូវបើកនេសាទបានឡើងវិញក៏ដោយ។
សូមបញ្ជាក់ថា រយៈពេល៨ខែឆ្នាំ២០២៦នេះ មន្រ្តីអគ្គនាយកដ្ឋានរដ្ឋបាលជលផលបង្រ្កាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានចំនួនជាង ១៥០០ករណី ដោយឃាត់ខ្លួនមនុស្សបាន ៥៤នាក់បញ្ជូនទៅតុលាការ ក្នុងនោះមាន ៤៧នាក់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ៕
សេង បារាំង AMS




