ប្រទេសឥណ្ឌា ពន្យារពេលនាំយកសត្វខ្លាដំបងមកកាន់កម្ពុជា
ប្រទេសឥណ្ឌា និងប្រទេសកម្ពុជា បានសម្រេចពន្យារពេលនាំយកសត្វខ្លាដំបង ឬខ្លាធំ មកកាន់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ២០២៨វិញ ដោយសារតែសត្វព្រៃ ដែលជាចំណីខ្លានៅក្នុងតំបន់គោលដៅនៅមានចំនួនតិចតួចមិនទាន់អាចទ្រទ្រង់សត្វខ្លាប្រកបដោយនិរន្តរភាពនៅឡើយ។ ដើមឡើយ ការនាំចូលនេះត្រូវបានគ្រោងធ្វើនៅឆ្នាំ២០២៥។
សារព័ត៌មាន Mongabay បានចុះផ្សាយថា ជម្រកសត្វខ្លាដំបង ត្រូវបានរៀបចំឡើងនៅក្នុងតំបន់ជួរភ្នំក្រវាញភាគនិរតីនៃប្រទេសកម្ពុជាក្នុងទំហំផ្ទៃដីជាង៩២ម៉ឺនហិកតា។
ប្រភពដដែលបានឱ្យដឹងថា ការសិក្សាមួយនៅឆ្នាំ២០២០ បានវាយតម្លៃថា ដង់ស៊ីតេនៃសត្វជាចំណីរបស់សត្វខ្លាគឺមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់ចំនួនសត្វខ្លាឱ្យមាននរិន្តរភាពនោះទេ។ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា មានលទ្ធភាពតិចជាង ២៥% ប៉ុណ្ណោះដែលតំបន់នេះអាចទ្រទ្រង់សត្វខ្លាពេញវ័យចំនួន ២៥ ក្បាលបាន។ បើតាមការសិក្សានោះ មានលទ្ធភាព ៨០% ដែលព្រៃឈើតំបន់នោះមានសត្វជាចំណីគ្រប់គ្រាន់ដើម្បីទ្រទ្រង់ចំនួនសត្វខ្លាតិចតួច ត្រឹម ៥ ក្បាល។
ការពន្យារពេលនាំយកសត្វខ្លាពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជាដល់ឆ្នាំ២០២៨ គឺសម្រាប់ផ្តល់ពេលវេលាបន្ថែមទៀតដល់ប្រទេសកម្ពុជា ដើម្បីបង្កើនចំនួនសត្វជាចំណី និងពង្រឹងការការពារទីជម្រកសត្វខ្លា ជាមួយការដើរល្បាត និងការខិតខំប្រឹងប្រែងលុបបំបាត់ការដាក់អន្ទាក់។
វត្តមានសត្វខ្លាធំត្រូវបានថតជាប់លើកចុងក្រោយនៅឆ្នាំ២០០៧ ហើយសត្វខ្លាធំត្រូវបានប្រកាសថាផុតពូជពីព្រៃធម្មជាតិកម្ពុជានៅឆ្នាំ២០១៦។ សត្វត្រកូលខ្លាចំនួន៧ប្រភេទដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា រួមមាន ខ្លារខិន ខ្លាពពក ខ្លាត្រី ខ្លាលឿនមាស ខ្លាភ្ញីថ្មកែវ ឆ្មារព្រៃ និងឆ្មាដាវ។
ប្រទេសឥណ្ឌា មានចំនួនសត្វខ្លាជាង ៣ ៦០០ក្បាល ពោលច្រើនជាងគេនៅលើពិភពលោក ដែលមានជាង៥ ៧០០ក្បាល។ ឥណ្ឌាគឺជាប្រទេសឈានមុខគេមួយក្នុងការអនុវត្តគម្រោងការពារសត្វខ្លា ហើយថែមទាំងបានជួយចែករំលែកបទពិសោធន៍ជោគជ័យដល់បណ្តាប្រទេសផ្សេងៗទៀត រួមទាំងប្រទេសកម្ពុជា ក្នុងការនាំយកសត្វខ្លាត្រឡប់មកព្រៃធម្មជាតិវិញ។
ខ្លាធំ ឬខ្លាដំបង មានឈ្មោះជាភាសាអង់គ្លេស Indochina Tiger និងឈ្មោះវិទ្យាសាស្រ្តហៅថា Panthera tigris ស្ថិតនៅក្នុងបញ្ជីក្រហមអង្គការ IUCN ជាប្រភេទសត្វដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជ ដោយសារតែការបរបាញ់ដើម្បីយកឆ្អឺង និងស្បែក ដើម្បីជួញដូរ។ ខ្លាធំអាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូតដល់សត្វធំ ហើយអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី១ទៅ៧ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល១០០ថ្ងៃ។ ខ្លាធំអាចមានអាយុរហូតដល់២៥ឆ្នាំ ក្នុងធម្មជាតិ៕
សៅ សុខអេង


