ផ្លូវជនបទ៨៤ ខ្សែរងផលប៉ះពាល់ដោយទឹកជំនន់
ឯកឧត្តម ពិត ករុណា អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃចន្ទទី២៨កញ្ញា ឆ្នាំ២០២៦នេះថា គិតមកដល់ថ្ងៃ២៧ កញ្ញា ឆ្នាំ២០២៦ ខ្សែផ្លូវជនបទចំនួន៨៤ ខ្សែ ស្មើនឹង ៩៣គីឡូវម៉ែត្រ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបានអះអាងថា មន្ទីអភិវឌ្ឍន៍ជនបទបានសហការជាមួយអាជ្ញាធរមូលដ្ឋាននៅប្រចាំការ និងដោះស្រាយបញ្ហាទាំងនោះជូនប្រជាពលរដ្ឋ ដោយកន្លែងខ្លះមន្ទីរបានលុបបំពេញដីដើម្បីតភ្ជាប់ចរារចណ៍ និងកន្លែងខ្លះមន្ទីរបានធ្វើស្ពានឆ្លងបណ្តោះអាសន្ន ក្នុងការសម្រួលចរាចរណ៍ឡើងវិញផងដែរ។
ចំពោះផ្លូវជាតិវិញ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូន បានប្រាប់បណ្ដាញព័ត៌មាន AMS ថាកំពុងបន្តតាមដាន ខណៈមានផ្លូវខ្លះទឹកហូរកាត់ និងមួយចំនួនទៀតទឹកបានហូរច្រោះតួផ្លូវ និងចិញ្ចើមផ្លូវ រំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ តែស្ថានភាពចរាចរណ៍នៅដំណើរធម្មតា មិនមានការកាត់ផ្តាច់ទេ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទឹកជំនន់បានវាយប្រហារក្នុងខេត្តចំនួន១០ ប៉ះពាល់ដល់ប្រជាពលរដ្ឋសរុបជាង ៤ម៉ឺន ៤ពាន់គ្រួសារ៕
សេង បារាំង AMS








