ទឹកជំនន់នៅ ថៃ ផ្តើមផ្តាច់ជីវិតមនុស្សជាបន្តបន្ទាប់, អ្នកបាងកកដើរលុយទឹកដល់ត្រឹមភ្លៅ
បាងកក ៖ អាជ្ញាធរថៃនៅថ្ងៃចន្ទនេះបានប្រកាសពីការស្លាប់មនុស្សចំនួន ៨ នាក់ ដោយសារតែគ្រោះទឹកជំនន់ដ៏មហន្តរាយ កំពុងវាយប្រហារនៅទូទាំង ២៨ រាជធានី-ខេត្ត ចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញាមក ។
បើតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ, អ្នកស្លាប់ទាំង ៨ នាក់នេះគឺ ស្ថិតនៅខេត្តភាគខាងកើតប្រទេស ដោយក្នុងនោះ មនុស្ស ៥ នាក់នៅខេត្ត Sa Kaeo, ២ នាក់នៅខេត្ត Chanthaburi និងម្នាក់ទៀតនៅខេត្ត Saraburi ។
ចំណែកនៅក្នុងទីក្រុងបាងកកដែលកំពុងប្រកាសអាសន្នពីស្ថានភាពគ្រោះមហន្តរាយមួយនេះ មិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ បើទោះបីជាទីក្រុងមួយនេះមានភ្លៀងធ្លាក់ខ្លាំងជាងគេក៏ដោយ ។
បើតាម Bangkok Post, មានប្រជាជនជាង ៥០ ម៉ឺនគ្រួសារ ស្មើនឹងមនុស្ស ១ លាន ៧ សែននាក់ នៅទូទាំង ២៧ ខេត្ត បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មួយនេះ ។
សម្រាប់ទីក្រុងបាងកកតែឯង, មានប្រជាជន ៥ ម៉ឺន ២ពាន់គ្រួសារ បានរងផលប៉ះពាល់ ដោយកាលពីថ្ងៃសៅរ៍ រាជធានីមួយនេះបានប្រកាសស្ថានភាពគ្រោះមហន្តរាយទូទាំងទីក្រុង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង រយៈពេលជិត ៤៨ ម៉ោង ដែលបានធ្វើឱ្យកម្រិតទឹកក្នុងប្រឡាយកើនឡើង និង បង្កជាទឹកជំនន់លើដងផ្លូវ។
បើតាម CNA, នៅតំបន់ភាគខាងកើត អ្នករស់នៅបាងកក ត្រូវដើរលុយទឹកដែលហូរហៀរចេញពីក្នុងលូ ក្នុងកម្ពស់ដល់ត្រឹមភ្លៅ ។ បញ្ហានេះក៏នាំឲ្យសាលារៀនជាច្រើត្រូវបានបិទទ្វារ ខណៈប្រជាពលរដ្ឋត្រូវបានជំរុញឱ្យធ្វើការពីផ្ទះ ។
លោក Ekkapob Pianpises អ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា «តំបន់មួយចំនួនក្នុងទីក្រុងបាងកក នៅតែប្រឈមមុខនឹងកម្រិតទឹកដ៏ខ្ពស់» ។
ជាទូទៅប្រទេសថៃជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងក្នុងអំឡុងខែកញ្ញានេះ ។ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៦ នេះ ប្រជាពលរដ្ឋជាច្រើននាក់បាននិយាយដូចៗគ្នាថា ជាឆ្នាំដែលមានភ្លៀងធ្លាក់ធ្ងន់ធ្ងរជាងឆ្នាំមុនៗ ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត