កូរ៉េខាងជើង ព្រមាន មេដឹកនាំពិភពលោក អំពីការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាមិនធ្លាប់មានពីមុន
ញូវយ៉ក ៖ តំណាងកូរ៉េខាងជើងបានប្រើប្រាស់វេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ ដើម្បីព្រមានដល់មេដឹកនាំពិភពលោក អំពី ការពិតដ៏ជូរចត់ដែលពោរពេញដោយការខ្វះទំនុកចិត្តគ្នា និងការប្រឈមមុខដាក់គ្នាដែលមិនធ្លាប់មានពីមុនមក។
បើតាម NBC News, អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Kim Son Gyongបានចោទប្រកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកថា កំពុងសហការគ្នាប្រឆាំងនឹងកូរ៉េខាងជើង ក៏ដូចជាធ្វើឱ្យឧបទ្វីបកូរ៉េជួបអស្ថិរភាព។
បន្ថែមលើនេះ លោក Kim បានហៅជប៉ុនពេញៗមាត់ថា «ឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A» ហើយថែមទាំងបានរិះគន់នូវអ្វីដែលលោកចាត់ទុកថា ជាការបង្កើត «ប្លុកយោធាដែលមានលក្ខណៈវាយលុក និងឈ្លានពានកាន់តែខ្លាំង ព្រមទាំងមានធាតុផ្សំនុយក្លេអ៊ែរ»។
ឆ្លើយតបភាពតានតឹងជាមួយប្រទេសសម្ព័ន្ធមិត្តទាំង៣ លោក Kim បានអះអាងជាថ្មីថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កងកម្លាំងខាងក្រៅ។
ឆ្លៀតឱកាសនោះ លោក Kim ក៏បានរិះគន់មិនសំចៃមាត់ដល់អង្គការសហប្រជាជាតិផងដែរ ដោយនិយាយថា អង្គការនេះនៅតែជួបភាពជាប់គាំងក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយសារតែអាកប្បកិរិយាផ្តាច់ការ និងសកម្មភាពឯកតោភាគីរបស់ប្រទេសមួយចំនួន ដែលគិតតែពីផលប្រយោជន៍របស់ខ្លួន។
ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរវិញ លោក Kim បញ្ជាក់ថា សមត្ថភាពរារាំងនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាអំណាចដាច់ខាត ដែលត្រូវបានបង្កើតឡើង ដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងសន្តិភាពរបស់កូរ៉េខាងជើង៕
ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា
