ទឹកស្ទឹងព្រែកត្នោតហក់ឡើងជិតដល់កម្រិតប្រុងប្រយ័ត្ន អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋត្រៀមខ្លួន
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាលនៅថ្ងៃអង្គារ៍នេះ កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅស្ថានីយទំនប់៧មករា បាន និងកំពុងហក់ឡើងដល់១១.៨០ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្នគឺ១២,៤០ម៉ែត្រ។
កម្ពស់ទឹកស្ទឹងព្រែកត្នោតនេះ អាចនឹងបន្តហក់ឡើងជាគំហុកបន្ថែមទៀត ដោយសារកម្ពុជានៅបន្តរងឥទ្ធិពលព្យុះ ស៊ូរីហ្គាអេ ដែលធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃបន្ថែមទៀត ក្នុងនោះខេត្តកណ្តាល និងកំពង់ស្ពឺអាចមានភ្លៀងគ្រប់ដណ្តប់ចំនួន៧០ភាគរយ។ ហេតុនេះ ទឹកភ្លៀងនឹងហូរចូលស្ទឹងព្រែកត្នោតបង្កជាជំនន់ទឹកភ្លៀង។
ចំពោះមុខស្ថានភាពនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ត្រៀមបង្ការជាមុន ហើយត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗ ចាស់ជរា សត្វពាហនៈ សត្វចិញ្ចឹម និងត្រៀមរៀបចំសម្ភារៈ និងទ្រព្យសម្បតិ្តមានតម្លៃទុកដាក់ឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ អាជ្ញាធរណែនាំពលរដ្ឋឲ្យប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស រូតរះប្រមូលផលកសិកម្ម ត្រៀមបង្ការរកទីទួលសុវត្ថិភាព និងថែទាំសុខភាពប្រចាំថ្ងៃផងដែរ៕
សៅ សុខអេង


