អឺរ៉ុប ថា រុស្ស៊ី កំពុងរៀបផែនការថ្មីបំផ្លាញ អឺរ៉ុប
ព្រុចសែល ៖ ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas កាលពីថ្ងៃ ចន្ទ ព្រមានធ្ងន់ៗថា ប្រទេសរុស្ស៊ីកំពុងរៀបផែនការថ្មី ដើម្បីធ្វើសកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាវាយប្រហារថែមទៀតប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ។
បើតាម Euronews, លោកស្រី Kallas សង្កត់ធ្ងន់ថា ផ្អែកតាមព័ត៌មានចារកម្ម រុស្ស៊ីកំពុងរៀបផែនការធ្វើសកម្មភាពបំផ្លិចបំផ្លាញ និងវាយប្រហារថែមទៀតប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ក្នុងគោលបំណងបំបែកបំបាក់សង្គម រួមទាំងរារាំងអឺរ៉ុបមិនឱ្យជួយអ៊ុយក្រែន ។
ជាការឆ្លើយតប ក្រុមរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបចាប់ផ្តើមពិភាក្សាគ្នាជាផ្លូវការ ដើម្បីបង្កើត “ពិធីសារសន្តិសុខគ្រាអាសន្នថ្មីមួយ” សំដៅពន្លឿនការឆ្លើយតប ចំពោះការគំរាមកំហែងវាយប្រហារកូនកាត់ និងការកើនឡើងសកម្មភាពបំផ្លិចបំផ្លាញរបស់រុស្ស៊ីនៅទូទាំងទ្វីបអឺរ៉ុប ។
ពិធីសារសន្តិសុខគ្រាអាសន្នថ្មីនេះ ត្រូវបានស្នើឡើងដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រមុខគោលនយោបាយការបរទេសអឺរ៉ុប លោកស្រី Kaja Kallas ក្នុងគោលបំណងពង្រឹងការត្រៀមខ្លួនឆ្លើយតបរបស់សហភាពអឺរ៉ុបប្រឆាំងនឹងសង្គ្រាមកូនកាត់ ។
យោងតាមការលើកឡើងរបស់លោកស្រី Kallas, ពិធីសារនេះ នឹងគ្របដណ្តប់លើសកម្មភាពអរិភាពទាំងឡាយណា ដែលស្ថិតនៅក្រោមទម្រង់នៃ “សង្គ្រាមប្រដាប់អាវុធធម្មតា” ។
ក្នុងនោះ រួមមាន ការឈ្លានពានដោយយន្តហោះដ្រូន, ការលួចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញផ្គត់ផ្គង់អគ្គិសនី និងខែ្សកាបក្រោមបាតសមុទ្រ ក៏ដូចជាការវាយប្រហារតាមអ៊ីនធឺណិត និងការដុតបំផ្លាញផ្សេងៗទៀត ។
យ៉ាងណា មន្រ្តីការពារជាតិអឺរ៉ុបអះអាងថា ប្លុកមានសមាជិកចំនួន ២៧ ប្រទេសមួយនេះ មិនទាន់បង្កើនសមត្ថភាពយោធាបានលឿនគ្រប់គ្រាន់នៅឡើយទេ ដើម្បីត្រៀមការពារខ្លួនទប់ទល់ការគំរាមកំហែងរបស់រុស្ស៊ីឱ្យទាន់ឆ្នាំ ២០៣០ ជាឆ្នាំដែលចារកម្មព្រមានថា ទីក្រុងមូស្គូអាចនឹងចាប់ផ្តើមឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងសម្ព័ន្ធភាពណាតូ ៕
ប្រភព ៖ Euronews ប្រែសម្រួល ៖ ឈឹម ទីណា