ADB ផ្ដល់ទុន ៦០ម៉ឺនដុល្លារដល់អាជីកម្មក្នុងស្រុកចំនួន២ ដឹកនាំដោយស្ត្រី
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ការវិនិយោគមូលធនថ្មីចំនួន ៦០ម៉ឺនដុល្លារ ដល់ក្រុមហ៊ុនកសិពាណិជ្ជកម្មចំនួនពីរ ដែលដឹកនាំដោយស្ត្រីនៅកម្ពុជា ដើម្បីជួយគាំទ្រក្រុមហ៊ុនទាំងពីរជំរុញឱកាសកំណើនថ្មី និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងនិរន្តរភាពរបស់ប្រទេស។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ការវិនិយោគនេះធ្វើឡើងតាមរយៈគម្រោង ADB Frontier ដែលជាគម្រោងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលមានសក្តានុពលកំណើនលឿន។ ការវិនិយោគនេះ នឹងជួយក្រុមហ៊ុនកែច្នៃអាហារកម្ពុជា ឈ្មោះ សហគ្រាស សេកពីរ និងក្រុមហ៊ុនកែច្នៃទឹកដោះគោ ឈ្មោះ Khmer Milky Food (KMF) ដែលដឹកនាំដោយស្ត្រី ដើម្បីពង្រីកផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃក្នុងស្រុក និងបង្កើតការងារ។
សហគ្រាស សេកពីរ គឺជាម៉ាកសញ្ញាផលិតផលកម្ពុជាដ៏លេចធ្លោមួយសម្រាប់ផលិតផលធ្វើពីម្សៅអង្ករ និង ជាសហគ្រាសដំបូងគេដែលផលិតមីធ្វើពីអង្ករ។ ចំណែកសហគ្រាស KMF ផលិត ឈីស និងយ៉ាអួ មានគុណភាពពីទឹកដោះគោមានប្រភពក្នុងស្រុក ដោយផ្តល់នូវជម្រើសថ្មី ដែលមិនបន្ថែមសារធាតុរក្សាទុកទុកឲ្យបានយូរ។ សហគ្រាសទាំងពីរ ប្រើវត្ថុធាតុដើមភាគច្រើនដែលមានប្រភពក្នុងប្រទេសកម្ពុជា និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង។
សហគ្រាសអាជីវកម្មទាំងពីរបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់ប្រភពវត្ថុធាតុដើមក្នុងស្រុក កែច្នៃផលិតផលរបស់ខ្លួនក្នុងស្រុក និងបង្កើតខ្សែច្រវាក់តម្លៃ ដែលជួយរក្សាឱកាសសេដ្ឋកិច្ច និងចំណូលឱ្យស្ថិតនៅក្នុងប្រទេស។
លោកស្រី Yasmin Siddiqi នាយិកា របស់ធនាគារ ADB យល់ឃើញថា ការផ្ដល់ឥណទានសម្រាប់សហគ្រិនស្រ្តីនៅកម្ពុជា ដោយសារវិស័យផលិតម្ហូបអាហាររបស់កម្ពុជា កំពុងរីកចម្រើន ជាពិសេសមានអាជីវកម្មក្នុងស្រុកថ្មីៗ ដែលកាលពីមុន កម្ពុជាបានពឹងផ្អែកទៅលើផលិតផលនាំចូល។
លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា ការវិនិយោគលើសហគ្រាសដែលដឹកនាំដោយស្ត្រីអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា។ តាមរយៈ ការគាំទ្រដល់កំណើនរបស់សហគ្រាសទាំងនោះ ADB កំពុងពង្រឹងវិស័យកសិពាណិជ្ជកម្ម ឱ្យមានសមត្ថភាពប្រកួតប្រជែង និងភាពធន់កាន់តែខ្លាំង សំដៅបង្កើតឱកាសសម្រាប់ស្ត្រី កសិករ និងមនុស្សជំនាន់ក្រោយ។
សម្រាប់សហគ្រាសទាំងពីរខាងលើ ធនាគារ ADB នឹងផ្តល់ដើមទុនដើម្បីទិញវត្ថុធាតុដើម ឧបករណ៍ផលិតកម្ម និងម៉ាស៊ីនវេចខ្ចប់ ដែលជួយកាត់បន្ថយថ្លៃដើម និងបង្កើនការផលិត ក៏ដូចជា ការពង្រីកទីផ្សារនាំចេញទៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ផងដែរ៕ ខន ណារី AMS

