អាមេរិក ផ្តល់កុងត្រាតម្លៃ ២០ ពាន់លានដុល្លារ ឱ្យ Boeing ពន្លឿនផលិតយន្តហោះចម្បាំងជំនាន់ទី ៦
វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកអាមេរិក បានផ្តល់កុងត្រាមានតម្លៃ ២០ ពាន់លានដុល្លារ ទៅឱ្យក្រុមហ៊ុនផលិតឧបករណ៍ការពារជាតិខ្នាតយក្ស Boeing ដើម្បីពន្លឿនការផលិតយន្តហោះចម្បាំងជំនាន់ទី៦ F/A-XX សម្រាប់ដាក់ពង្រាយនៅលើនាវាផ្ទុកយន្តហោះ ។
មន្ទីរបញ្ចកោណអះអាងកាលពីថ្ងៃ អង្គារ ថា កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្ថិតក្រោមកម្មវិធី Next Generation Air Dominance ហៅកាត់ NGAD ដែលជាគម្រោងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៦ ដ៏សំខាន់របស់កងទ័ពអាកាសអាមេរិក ។
ក្នុងនោះរួមបញ្ចូលទាំងការផលិតយន្តហោះសាកល្បងជាច្រើនគ្រឿង សម្រាប់ការធ្វើតេស្តនៅលើដីគោក, ការវាយតម្លៃសមត្ថភាពហោះហើរចម្ងាយឆ្ងាយ, ការសាកល្បងប្រព័ន្ធដំណើរការ និងការដាក់បញ្ចូលប្រព័ន្ធអាវុធទំនើបៗឱ្យកាន់តែខ្លាំងក្លាជាងមុន ។
ប្រភពពីរ៉យទ័រផ្សាយថា យន្តហោះចម្បាំង F/A-XX នឹងចូលខ្លួនមកជំនួសតំណែងយន្តហោះចម្បាំងជំនាន់មុន F/A-18E/F Super Hornet ដែលសព្វថ្ងៃ គឺជាឆ្អឹងខ្នងដ៏សំខាន់របស់កងទ័ពជើងទឹកអាមេរិក ។
យន្តហោះចម្បាំង F/A-XX ត្រូវបានរំពឹងថា នឹងរចនាឡើងបំពាក់ដោយបច្ចេកវិទ្យាបំបាំងកាយកម្រិតខ្ពស់ និងសមត្ថភាពធ្វើការប្រយុទ្ធរួមគ្នាជាមួយយន្តហោះគ្មានមនុស្សបើកពិឃាត ក៏ដូចជាត្រូវបានបង្កើនចម្ងាយហោះហើរកាន់តែឆ្ងាយជាងមុន ។
យន្តហោះចម្បាំងជំនាន់ទី៦នេះដែរ ត្រូវបានអ្នកជំនាញជឿថា នឹងជួយបង្កើនសមត្ថភាពរបស់កងនាវាផ្ទុកយន្តហោះអាមេរិក ជាពិសេសក្នុងប្រតិបត្តិការប្រយុទ្ធនៅចម្ងាយឆ្ងាយពីមូលដ្ឋាន និងក្នុងតំបន់ដែលមានការការពារដែនអាកាសរឹងមាំរបស់សត្រូវ ។
បើតាម Anadolu, លោក Michael P. Duffey អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកបានចាត់ទុកយន្តហោះចម្បាំង F/A-XX ជាផ្នែកសំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីរក្សាឧត្តមភាពដែនអាកាស និងពង្រឹងសមត្ថភាពប្រតិបត្តិការក្នុងតំបន់ ដែលមានការគំរាមកំហែងផ្នែកយោធាខ្ពស់ ។
យន្តហោះចម្បាំង F/A-XX ត្រូវបានព្យាករថា នឹងចាប់ផ្តើមចូលបម្រើការក្នុងអំឡុងឆ្នាំ ២០៣០ ខាងមុខ ដើម្បីចាប់ដៃចេញប្រយុទ្ធរួមគ្នាជាមួយយន្តហោះចម្បាំង F-35C ក្នុងកងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក ៕
ប្រភព ៖ Anadolu និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា