វីតាល់ បន្តសកម្មភាពមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែករំលែកអំណោយ ជូនប្រជាពលរដ្ឋជិត ២,០០០គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត

អត្ថបទដោយ៖
AMS Centra

ខេត្តបន្ទាយមានជ័យ ៖ វីតាល់ បានរៀបចំសកម្មភាពមនុស្សធម៌ ដើម្បីចុះសួរសុខទុក្ខ និងចែករំលែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជិត ២,០០០គ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សកម្មភាពនេះ មានគោលបំណងចូលរួមសម្រាលការលំបាក និងផ្តល់ការលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះស្ថានភាពលំបាក។ ក្នុងឱកាសនេះ វីតាល់បាននាំយកអំណោយជាផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ រួមមាន ទឹកពិសាវីតាល់, វីតាល់ បេប៊ី, មីជាតិ, ទឹកត្រី វ័ន ម៉រ, និងទឹកស៊ីអ៊ីវ វ័ន ម៉រ ដើម្បីចូលរួមចែករំលែក និងជួយសម្រួលដល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប (ទឹកពិសាវីតាល់) បានមានប្រសាសន៍ថា៖ «ដោយមើលឃើញពីផលប៉ះពាល់នៃគ្រោះធម្មជាតិ និងស្ថានភាពទឹកជំនន់ ដែលបានធ្វើឱ្យប្រជាពលរដ្ឋត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន និងមកស្នាក់នៅទីតាំងបណ្តោះអាសន្ន ដែលឃ្លាតឆ្ងាយពីផ្ទះសម្បែង វីតាល់មានបំណងចូលរួមចែករំលែក និងផ្តល់ការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាលំបាកនេះ។

សកម្មភាពនេះ គឺជាការបង្ហាញពីការបន្តប្តេជ្ញាចិត្តរបស់ វីតាល់ ក្នុងនាមជាម៉ាកផលិតផលខ្មែរ ដែលបានប្រតិបត្តិការអស់រយៈពេល ១៦ឆ្នាំមកនេះ ក្នុងការចូលរួមចំណែកជាមួយសង្គម តាមរយៈសកម្មភាពមនុស្សធម៌ និងកិច្ចការងារសង្គម។ តាមរយៈ មូលនិធិ ២៥រៀល វីតាល់បានបន្តគាំទ្រសកម្មភាពសង្គមជាច្រើន ដើម្បីចែករំលែកក្តីស្រឡាញ់ និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ត្រូវការជំនួយបន្ទាន់»។


ក្រៅពីការងារមនុស្សធម៌ វីតាល់ ដែលជាផលិតផលរបស់ វ័ន ម៉រ គ្រុប ក៏បន្តវិនិយោគលើការអភិវឌ្ឍ និងផលិតផលក្នុងស្រុក ដូចជា មីជាតិ គ្រឿងទេស វ័ន ម៉រ វីតាល់ បេប៊ី និងចិបចុប ដែលបានចូលរួមគាំទ្រផលិតកម្មក្នុងស្រុក និងបង្កើតឱកាសការងារជូនប្រជាជនកម្ពុជាប្រមាណជាង ២,០០០កន្លែង។សម្រាប់ វីតាល់ ការចូលរួមចំណែកជាមួយសង្គម មិនមែនកំណត់ត្រឹមតែការឆ្លើយតបនៅពេលមានវិបត្តិ ឬគ្រាលំបាកនោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តជាបន្តបន្ទាប់ តាមរយៈ ការងារសង្គម ការអភិវឌ្ឍផលិតផលខ្មែរ និងការបង្កើតឱកាសការងារ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនេះ វីតាល់ សូមថ្លែងអំណរគុណដល់ រដ្ឋបាលក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការសម្របសម្រួល និងគាំទ្រដល់ការរៀបចំសកម្មភាពមនុស្សធម៌នេះឱ្យប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ វីតាល់ សូមផ្ញើសារលើកទឹកចិត្ត និងការយកចិត្តទុកដាក់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយទឹកជំនន់។ សូមបងប្អូនថែរក្សាសុខភាព និងសុវត្ថិភាពរបស់ខ្លួន និងក្រុមគ្រួសារ ហើយសង្ឃឹមថា ស្ថានភាពនឹងវិលត្រឡប់មករកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខ៕

ads banner