អាមេរិក បញ្ជូននាវាផ្ទុកយន្តហោះទី៣ ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ
វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិក កំពុងបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទី៣ និងនាវារបស់កងម៉ារីនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចបង្កើនចំនួនកងទ័ពអាមេរិកក្នុងតំបន់ពី ៩,០០០ ទៅ ១០,០០០នាក់ ខណៈសង្គ្រាម អ៊ីរ៉ង់ នៅតែឡើងកម្តៅ ។
ការបង្កើនកម្លាំងយោធានេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានច្រានចោលសំណើបទឈប់បាញ់រយៈពេល ៧ថ្ងៃរបស់អ៊ីរ៉ង់ និងកំពុងពិចារណាអំពីលទ្ធភាពបន្តវាយប្រហារអ៊ីរ៉ង់ ប្រសិនបើការចរចាមិនទទួលបានកិច្ចព្រមព្រៀង ។
បើតាមកាសែត Wall Street Journal, នាវាផ្ទុកយន្តហោះ USS Theodore Roosevelt បានចាកចេញពីទីក្រុង San Diego កាលពីថ្ងៃទី២៧ ខែកញ្ញា ខណៈក្រុមនាវាចម្បាំង USS Makin Island ដែលដឹកកងទ័ពជើងទឹកពីកងពលរហ័សលេខ១៣ ក៏បានចាកចេញកាលពីថ្ងៃទី២៨ ខែកញ្ញា ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
មន្រ្តីអាមេរិកបានប្រាប់កាសែតនេះ កាលពីថ្ងៃព្រហស្បតិ៍ ថា នាវាផ្ទុកយន្តហោះ កងម៉ារីន និងនាវិក រួមទាំងនាវា និងយន្តហោះចម្បាំង ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅត្រឹមចុងខែវិច្ឆិកាខាងមុខ ។
យោងតាម Anadolu, បច្ចុប្បន្ននាវាផ្ទុកយន្តហោះ USS George H.W. Bush និងនាវាផ្ទុកយន្តហោះ USS George Washington កំពុងស្ថិតនៅក្នុងតំបន់ ។ ប្រសិនបើនាវាផ្ទុកយន្តហោះ USS Theodore Roosevelt ទៅដល់តាមការគ្រោងទុក នោះសហរដ្ឋអាមេរិកនឹងមានក្រុមនាវាផ្ទុកយន្តហោះចំនួន ៣ក្រុម នៅមជ្ឈិមបូព៌ាជាលើកដំបូង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ៕
ប្រភព ៖ Wall Street Journal និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា
