ក្រុមហ៊ុន អូស៊ីអាយស៊ី និង WCCI នឹងបង្កើត សាកលវិទ្យាល័យអាកាសចរណ៍ដំបូងគេនៅកម្ពុជា
ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុន World Citi Colleges International, Inc. (WCCI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ដើម្បីបង្កើតសាកលវិទ្យាល័យ WCC International Aero Tech University (WCC IATU) នៅរាជធានីភ្នំពេញ។ សាកលវិទ្យាល័យនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំផ្នែកអាកាសចរណ៍ឯកទេសនៅក្នុងប្រទេសកម្ពុជា ដោយរៀបចំនិស្សិត សម្រាប់អាជីពផ្នែកបច្ចេកទេសនិងប្រតិបត្តិការនៅក្នុងវិស័យនេះ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន OCIC; លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC; និងលោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន WCCI។ ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លី សុវណ្ណារិទ្ធ តំណាងលេខាធិការដ្ឋានរដ្ឋបាលអាកាសចរស៊ីវិល និងតំណាងស្ថានទូតកាណាដា ហ្វីលីពីន និង បារាំង។
ការអប់រំផ្នែកអាកាសចរណ៍កាន់តែមកជិតសិស្សនិស្សិតកម្ពុជា។ នៅដំណាក់កាលដំបូង សាកលវិទ្យាល័យ «WCC IATU» នឹងផ្តល់ជូនកម្មវិធីថ្នាក់បរិញ្ញាបត្រចំនួន ៣ រួមមាន៖
• បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញវិស្វកម្មថែទាំយន្តហោះ (Mechanical & Avionics)
• បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍
• បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាញគ្រប់គ្រងទេសចរណ៍ ជាមួយកម្មវិធីបណ្តុះបណ្តាលបុគ្គលិកបម្រើការលើយន្តហោះ (Flight Attendant)
កម្មវិធីសិក្សាទាំងនេះនឹងរៀបចំនិស្សិតឱ្យមានសមត្ថភាពក្នុងការថែទាំយន្តហោះ និងប្រព័ន្ធអេឡិចត្រូនិករបស់យន្តហោះសម្របសម្រួលប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ និងគាំទ្រដល់ការផ្តល់សេវាកម្មអាកាសចរណ៍ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ការផ្តល់ជូនកម្មវិធីសិក្សាទាំងនេះនៅរាជធានីភ្នំពេញនឹងអនុញ្ញាតឱ្យនិស្សិតកម្ពុជាទទួលបានការបណ្តុះបណ្តាលឯកទេសនៅក្នុងស្រុក និងបើកឱកាសសម្រាប់ការកសាងអាជីពក្នុងវិស័យអាកាសចរណ៍។
យោងតាមក្រុមហ៊ុន Boeing ក្នុងចន្លោះឆ្នាំ២០២៦ ដល់ឆ្នាំ២០៤៥ តំបន់អាស៊ីអាគ្នេយ៍ត្រូវបានព្យាករណ៍ថា នឹងត្រូវការអ្នកបើកបរយន្តហោះ អ្នកបច្ចេកទេសថែទាំ និងបុគ្គលិកបម្រើការលើជើងហោះហើរថ្មីចំនួន ២៥៨,០០០នាក់ ខណៈដែលតម្រូវការសកលមានលើសពី ២,៤លាននាក់។
មានប្រសាសន៍ក្នុងឱកាសនេះ ឧកញ៉ា វេជ្ជបណ្ឌិត ពុង ការ៉ូលីន អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន OCIC បានលើកឡើង «វិស័យអាកាសចរណ៍នាំមកនូវការជួបជុំគ្នានៃមនុស្សមកពីវិស័យជំនាញផ្សេងៗគ្នាជាច្រើន។ តាមរយៈភាពជាដៃគូជាមួយ WCCI យើងចង់បើកឱកាសឱ្យយុវជនកម្ពុជាកាន់តែច្រើនអាចចូលរួមក្នុងវិស័យនេះ និងប្រែក្លាយចំណង់ចំណូលចិត្តរបស់ពួកគេទៅជាអាជីពការងារ។»
ការនាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា WCCI គឺជាគ្រឹះស្ថានអប់រំ ផ្នែកអាកាសចរណ៍ឈានមុខគេមួយនៅក្នុងប្រទេសហ្វីលីពីន និងជាផ្នែកមួយនៃក្រុមហ៊ុន World Citi Group ដែលមានប្រវត្តិក្នុងវិស័យអប់រំតាំងពីឆ្នាំ ១៩៧៨ មកម្ល៉េះ។ សិស្សនិស្សិតជាង ១០០,០០០ នាក់បានបញ្ចប់ ការសិក្សាពីគ្រឹះស្ថានអប់រំរបស់ក្រុមហ៊ុននេះ ហើយបច្ចុប្បន្នកំពុងបម្រើការងារទាំងនៅក្នុងប្រទេសហ្វីលីពីន និងនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក។
លោក Raymond Patrick Guico នាយកប្រតិបត្តិ (CEO) របស់ WCCI បានមានប្រសាសន៍ថា៖ «សាកលវិទ្យាល័យថ្មីនេះនឹងផ្តល់ជូននិស្សិតកម្ពុជានូវការបណ្តុះ បណ្តាលដ៏រឹងមាំលើជំនាញដែលពួកគេបានជ្រើសរើស ព្រមទាំងការយល់ដឹងច្បាស់លាស់អំពីអ្វីដែលវិស័យនេះត្រូវការ។ យើងចង់ជួយពួកគេឱ្យអភិវឌ្ឍជំនាញ និងទំនុកចិត្ត ដើម្បីកសាងអាជីពដ៏ល្អប្រសើរមួយនៅក្នុងវិស័យអាកាសចរណ៍។»
លោកបន្តថា តាមរយៈភាពជាដៃគូនេះ WCCI នឹង នាំយកបទពិសោធន៍អប់រំផ្នែកអាកាសចរណ៍ពីប្រទេសហ្វីលីពីនមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្មវិធីសិក្សាឯកទេសរបស់ WCC IATU។ សាកលវិទ្យាល័យនេះនឹងរួមបញ្ចូលគ្នានូវជំនាញឯកទេសទាំងនេះ ជាមួយនឹងបទពិសោធន៍របស់ក្រុមហ៊ុន OCIC ក្នុងការអភិវឌ្ឍគ្រឹះស្ថានអប់រំ និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជា៕



ដោយ៖ជាវ ចន្ធូ