ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ

(សាធារណរដ្ឋកូរ៉េ)៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។

វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករខ្មែរបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាតិខ្មែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner