ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គលើភ្នំបូកគោ ទាក់ទាញអត្តពលិកជាង២ពាន់នាក់ មកពី២៦ប្រទេសចូលរួមជំរុញទេសចរណ៍បៃតង
កំពត ៖ ដូចការគ្រោងទុក ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានជួបជុំគ្នារត់ក្នុងព្រឹត្តិការណ៍ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍បៃតង និងទេសចរណ៍កីឡាកម្ពុជា។
ព្រឹត្តិការណ៍ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» គឺជាសកម្មភាពដ៏លេចធ្លោមួយក្នុង «ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២ ដល់ទី៤ ខែតុលា នៅខេត្តកំពត ដោយមានការចូលរួមពីរដ្ឋបាលខេត្តកែប ព្រះសីហនុ និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតជាម្ចាស់
ផ្ទះ។
មានប្រសាសន៍ទៅកាន់អ្នកចូលរួមនាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តតំបន់ឆ្នេរទាំង៤ ទៅកាន់ពិភពលោក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយទេសចរណ៍ ក្រោមទិសស្លោក «ប្រជាពលរដ្ឋម្នាក់ គឺជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់»។
ចំណែក ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញក្តីរីករាយ និងបញ្ជាក់ថា កម្មវិធីរត់លើភ្នំបូកគោនេះ បានផ្តល់បទពិសោធន៍ថ្មី និងបំផុសការថែរក្សាសុខភាពតាមរយៈអាកាសធាតុបរិសុទ្ធលើខ្នងភ្នំ។
ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ា ហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក ក្នុងព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរនារដូវកាលបៃតងឆ្នាំ២០២៦ប្រារព្ធនៅខេត្តកំពតពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ក៏មានការប្រឡងម្ហូបអាហារ និងពិព័រណ៍ម្ហូបអាហារ ,វគ្គបណ្តុះបណ្តាលអំពីការយល់ដឹង និងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម, ការជិះកង់លើវិថីទេសចរណ៍បៃតងតំបន់ឆ្នេរ ការប្រកួតកីឡាកាច់ដៃ រួមជាមួយនឹងការរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោផងដែរ៕
ដោយ៖ជាវ ចន្ធូ, សិលាសារិន










