រាជរដ្ឋាភិបាលប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរទួលស្លែង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ
កាលពីព្រឹកថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ពិធីនេះប្រារព្ធឡើងក្នុងគោលបំណងសំខាន់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
ពិធីសាសនានេះ ក៏មានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជាច្រើនរូប ដើម្បីរួមចំណែកធ្វើបុណ្យទាន និងសន្សំកុសលរួមគ្នា។
ផ្អែកតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួមទាំងថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ បានអញ្ជើញអុជធូបបួងសួងនៅសាលាព្រះភូមិ ព្រមទាំងរៀបចំពិធីបង្សុកូល និងអុជធូបនៅបរិវេណផ្នូរទាំង១៤ អគារទាំង៤ និងស្តូបរំលឹកវិញ្ញាណក្ខន្ធក្នុងសារមន្ទីរ។ បន្ទាប់មក គណៈអធិបតី និងពុទ្ធបរិស័ទ បានបន្តប្រារព្ធពិធីដារពិស្តារ និងរាប់បាត្រប្រគេនព្រះសង្ឃនៅក្នុងរោងពិធី ជាកិច្ចបង្ហើយបុណ្យ។
នាឱកាសដ៏ប្រពៃនៃពិធីបុណ្យកាន់បិណ្ឌវេនទី៩ នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានផ្ញើសារគោរពជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសវីរកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារបូរណភាពទឹកដី សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានសុវត្ថិភាពរាល់ការធ្វើដំណើរទីជិតទីឆ្ងាយ ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ៕
ដោយ៖ង៉ាន់ ទិត្យ









